Social Network

លោក ហ៊ុន ម៉ានី ជំរុញឱ្យសិស្ស បន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងសារអបអរសាទរសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី ថែមទាំងសំណូមពរដល់សិស្សានុសិស្ស បន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការអនុវត្តនូវទស្សនាទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល ក្នុងការបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩។

លោក ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «អបអរសាទរថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២! សូមប្អូនៗបន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាក្នុងការអនុវត្តនូវទស្សនាទានថ្មី

«គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលក្នុងការបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ជាពិសេសការអនុវត្តតាមអភិក្រម «៣ការពារ ៣កុំ»ក្នុងគ្រឹះស្ថានសិក្សារបស់យើង»។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ មានសិស្សសិក្សាជិត ៤លាននាក់ ក្នុងនោះសិស្សថ្នាក់មត្តេយ្យ និងចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជន មានប្រមាណ ៣លាន ៥សែននាក់ សិស្សស្រីមានប្រមាណ ៤៩ភាគរយ។

ដោយឡែក ថ្នាក់ឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានប្រមាណ ២១ម៉ឺននាក់ និស្សិតស្រីប្រមាណ ៤៦ភាគរយ។

ក្នុងឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម លោក ហង់ជួន ណារ៉ុន បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះកម្ពុជា មានគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានប្រមាណ ១៨,០០០។

ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣ពាន់កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៥០០ និងគ្រឹះស្ថានសិក្សាឯកជន ១,៥០០។ គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន ១២៥ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងឯកជន ៧៧។ និស្សិតកំពុងសិក្សានៅឧត្តមសិក្សាមានប្រមាណ ២១ម៉ឺន និស្សិតស្រីប្រមាណ ៤៦ភាគរយ៕

ដកស្រង់់ពី៖ Fresh News