Social Network

ជនបរទេស និង​ម្ចាស់​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា​នៅ​ភ្នំពេញ​ប្រឈម​​​ទោសទណ្ឌ បើ​មិន​អនុវត្តតាមក្រសួងសុខាភិបាល

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានា និងប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែលពួកគេមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក្រោយពីច្បាប់នេះ ត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់ ។

ការបញ្ជាក់របស់លោក ឃួង ស្រេង បែបនេះក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរឹងជាថ្មីទៀត ជុំវិញការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា កន្លងមកយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃការបង្ការទប់ស្កាត់នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ ។

ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ ។

តែការងារនេះ យើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺ covid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ ទទួលបានជោគជ័យ ។

លោកបន្តថា ចំពោះការងារចំពោះមុខ គឺការពង្រឹងវិធានការទប់ស្កាត់ឲ្យបានរឹងមាំបំផុតនោះ គឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានា បើមិនសហការ និងមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ អ្នកទាំងនោះប្រឈមនឹងមានទោសទណ្ឌ នៅពេលដែលច្បាប់ថ្មីនេះ ត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ចំពោះម្ចាស់អាជីវកម្មដ្ឋាននានា ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង ។

ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត ។

លោក កើត ឆែ បានបញ្ជាក់ថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន គឺសម្ដេចបានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់ពាក់ព័ន្ធនឹងកូវីដ-១៩នេះ ឲ្យបានលឿន ដើម្បីយើងយកច្បាប់នេះ មកអនុវត្តអោយមានប្រសិទ្ធភាព និងមិនមានចន្លោះប្រហោង ។

នៅពេលយើងមិនទាន់មានច្បាប់នេះ យើងពិតជាពិបាកនឹងអនុវត្តការងារ តែបើសិនជាច្បាប់នេះត្រូវបានអនុម័តពីព្រឹទ្ធសភាហើយនោះ ក្រុមការងារដែលអនុវត្តលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ នឹងមានភាពងាយស្រួល ដោយយើងអនុវត្តទៅតាមច្បាប់ដែលបានអនុម័តរួច ៕

ដកស្រង់ពី៖ កោះសន្តិភាព