Social Network

សម្រេច​បិទ​កាស៊ីណូនិង​បិទ​ការ​ធ្វើ​ដំណើរ​ចេញ-ចូលនៅច្រក​ជ្រៃ​ធំ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្តាល បានចេញសេចក្តីណែនាំទៅដល់រដ្ឋបាលស្រុកកោះធំឲ្យបិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងបិទការធ្វើដំណើរចេញចូល នៅតំបន់ទីប្រជុំជន ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងលិខិតរបស់រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា ដោយយោង លើលទ្ធផលតេស្តរហូតមកដល់ពេលនេះ មានជនបរទេសចំនួន៥នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ។

ដូច្នេះ ដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ ចូលទៅ ក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដូចខាងក្រោម៖

១-បិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូប៊ីន កាស៊ីណូក្រោន កាស៊ីណូហ្គន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ។

២-បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ ។

៣-ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាក ឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ។

៤-ត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។

ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖

ដកស្រង់ពី៖ កោះសន្តិភាព