Social Network

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ដល់កូន ទាំង៤នាក់ របស់សពលោកឡៅ វណ្ណា ស្លាប់ដោយជំងឺកូវីដ សិក្សា១២ឆ្នាំ នៅសាលា ប៊ែលធីអន្តរជាតិ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អាហារូបរកណ៍ពិសេសសិក្សារយៈពេល១២ឆ្នាំ (មួយចប់កម្មវិធីខ្មែរ-អង់គ្លេស) នៅសាលាប៊ែលធី អន្តរជាតិ ដល់កូនទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ភ្លាមៗនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

បាននាំយកអាហារូបករណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកស្រី វ៉េង សុម៉ាលី ដែលត្រូវជាភរិយារបស់លោក ឡៅ វណ្ណា សម្រាប់ផ្តល់ជូនកូនៗក្នុងបន្ទុកទាំង៤នាក់ ឱ្យមានឱកាសបានបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ក្នុងនោះ៖

*ទី១៖ ឈ្មោះ ឡៅ លីម៉េង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 9

*ទី២៖ ឈ្មោះ ឡៅ លីជីន ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅទី៦ និងភាសាអង់គ្លេសទូទៅ Preschool 1

*ទី៣៖ ឈ្មោះ ឡៅ សុម៉ាលីន ភេទស្រី ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1

*ទី៤៖ ឈ្មោះ ឡៅ លីហេង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១ និងភាសាអង់គ្លេសទូទៅ Preschool 1។

ដោយឡែកចំពោះអាហារូបករណ៍ពិសេសនេះរួមមាន៖

*ទី១៖ អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ

*ទី២៖ ឯកសណ្ឋានម្នាក់ ២កំប្លេ ជារៀងរាល់ឆ្នាំ និង

*ទី៣៖ សៀវភៅពុម្ភសិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់ឆ្នាំ និងវគ្គ។

ក្នុងឱកាសនោះលោកបណ្ឌិត លី ឆេង ក៏បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សោកស្តាយ

និងអាឡោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឱ្យបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកបណ្ឌិតក៏បានចូលបុណ្យសពរបស់លោក ឡៅ វណ្ណា ថវិកាចំនួន ២លានរៀលផងដែរ៕

ដកស្រង់ពី៖  Fresh News