Social Network

អភិបាលរាជធានីភ្នំពេញ ទទួលអំណោយម៉ាសចំនួន៥ម៉ឺន ទឹកសុទ្ធ១២,០០០ដប និងថវិកា៤០លានរៀល ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលម៉ាសការពារចំនួន៥ម៉ឺនម៉ាស, ទឹកសុទ្ធចំនួន១២,០០០ដប និងថវិកា៤០លានរៀល ពីក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩។

លោក ឃួង ស្រេង បានថ្លែងថា «ជាមួយនឹងការកើនឡើង នៃករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប្រជាជនប្រមាណ១៩,៦០៨នាក់ នៅក្នុងរាជធានីភ្នំពេញ បានដាក់ឲ្យធ្វើចត្តាឡីស័ក»។

លោក ឃួង ស្រេង បានបន្ដថា ការគាំទ្រផ្នែកហិរញ្ញវត្ថុពី ក្រុមហ៊ុន ស៊ីប៊ីស៊ី នឹងជួយដល់សាលារាជធានីភ្នំពេញ ដើម្បីផ្តល់ជំនួយបន្ទាន់ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនអ្នកដែលខ្វះខាត និងត្រូវការជាចាំបាច់ និងគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក។

អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ម៉ាស និងអាល់កុលលាងដៃ នឹងត្រូវបានចែកជូនដល់ប្រជាជន កងកម្លាំង និងអ្នកស្ម័គ្រចិត្ត ដែលបានដាក់ពង្រាយ នៅទូទាំងរាជធានី ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ-១៩។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រិត្តិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានឲ្យដឹងថា ការផ្ទុះឡើងនៃកូវីដ-១៩ បានក្លាយជាបញ្ហាប្រឈម ដែលមិនធ្លាប់មានសម្រាប់ យើងទាំងអស់គ្នា។

យើងទាំងអស់គ្នា គួរតែរួមគ្នាហើយប្រយុទ្ធប្រឆាំងនឹងឧបសគ្គនេះ។ យើងប្តេជ្ញាគាំទ្រអាជ្ញាធរមូលដ្ឋាន ក្នុងពេលវេលាដ៏សំខាន់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោក សុធារ័ត្ន បន្តថា «ថ្ងៃនេះ ក៏ជាការបញ្ចប់ឆ្នាំទី៩ នៃការបម្រើសេដ្ឋកិច្ចកម្ពុជា សម្រាប់ ស៊ីប៊ីស៊ី តាមរយៈការលើកកម្ពស់តម្លាភាពព័ត៌មានឥណទាន ឆ្ពោះទៅរកប្រសិទ្ធភាពទីផ្សារឥណទាន ប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហានិភ័យឥណទាន និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ»។

លោកបន្ថែមថា «ចាប់តាំងពីការចាប់ផ្តើម ពីមានការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ កាលពីឆ្នាំមុន ស៊ីប៊ីស៊ី បាននិងកំពុងអនុវត្តវិធានការសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិករបស់ខ្លួន ឲ្យមានសុវត្ថិភាព និងពង្រីកបណ្តាញឌីជីថល ដើម្បីបម្រើដល់ស្ថាប័នហិរញ្ញវត្ថុ និងអ្នកខ្ចីប្រាក់នៅក្នុងប្រទេស ដោយគ្មានការរំខាន សម្រាប់ការវាយតម្លៃហានិភ័យឥណទាន ប្រកបដោយប្រសិទ្ធភាព»។

គូសបញ្ជាក់ថា ស្របទៅនឹងការអនុវត្ត នូវទំនួលខុសត្រូវ ក្នុងសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម (CSR) ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ បានចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាល ដើម្បីពង្រីកនូវធនធាន

និងដើម្បីឲ្យការបម្រើប្រជាពលរដ្ឋ មានភាពប្រសើរឡើង ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង ទៅផលប៉ះពាល់នៃវីរុសកូវីដ-១៩ ដែលក្នុងពេលថ្មីៗនេះ វីរុសនេះ បានឆ្លងរាតត្បាតនៅក្នុងទីក្រុង ក៏ដូចជាបណ្តាខេត្តមួយចំនួន៕

ដកស្រង់ពី៖ Fresh News