Social Network

ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក១៤ថ្ងៃតាមផ្ទះ ចំនួន៥កន្លែង ក្នុងខណ្ឌឫស្សីកែវ បន្តទទួលគ្រឿងបរិភោគ ដើម្បីដោះស្រាយជីវភាពពីអភិបាលខណ្ឌ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមផ្ទះ ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍២០កុម្ភៈ ចំនួន៥កន្លែង ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលបានគ្រឿងឧបភោគបរិភោគ ដើម្បីដោះជីវភាពប្រចាំថ្ងៃពីមន្ត្រី នៃក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងសកម្មភាពមនុស្សធម៌នេះ លោក ជា ពិសី បានព្យាយាមពន្យល់បង-ប្អូនប្រជាពលរដ្ឋ ឲ្យចងចាំកុំភ្លេចការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការក្រសួងសុខាភិបាល «៣ការពារ-៣កុំ-២ចូលរួម» ដែលជាសារផ្ដាំផ្ញើដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានអត្ថន័យដូចខាងក្រោម៖

*៣ការពារគឺ៖ ទី១-ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២-ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ។

ទី៣-ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

*៣កុំមានន័យថា៖ ទី១-កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។

ទី២-កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣-កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

*២ចូលរួម៖ ទី១-ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់ប្រឆាំងកូវីដ-១៩ និងទី២-គឺចូលរួមប្រើ QR Code stop covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍យើង។

លោកអភិបាលខណ្ឌឫស្សីកែវថា វិធានការ «៣ការពារ-៣កុំ-និង២ចូលរួម»

គឺជាអាវក្រោះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារខ្លួនយើង,

ក្រុមគ្រួសារយើង និងសហគមន៍យើង គឺដើម្បីខ្លួនយើង,ដើម្បីគ្រួសារយើង និងដើម្បីប្រទេសជាតិយើង កុំឲ្យឆ្លងជម្ងឺកូវីដ-១៩៕

ដកស្រង់ពី៖ Fresh News