Social Network

បរទេសម្នាក់​រឹងទទឹង​មិន​ឱ្យ​​គ្រូពេទ្យ​យក​សំណាក ​ទាល់តែប្រើវិធីម្យ៉ាង​ ទើបព្រមតាមសម្រួល​

រាជធានីភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ ដោយសារតែមិនព្រមអោយក្រុមគ្រូពេទ្យធ្វើការយកសំណាក ដើម្បីពិនិត្យរកវីរ៉ុសកូវីដ១៩ ទើបត្រូវបានកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ខំនាំខ្លួនទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីបន្តយកសំណាកនៅទីនោះ ។

ការរឹងទទឺងជាមួយក្រុមគ្រូពេទ្យមិនព្រមឱ្យយកសំណាកពីសំណាក់ជនបរទេសខាងលើ បានកើតឡើងតាំងពីវេលាព្រឹក រហូតដល់ពេលល្ងាចថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ នៅចំណុចក្នុងខុនដូរមួយកន្លែង ស្ថិតនៅផ្លូវលេខ10BT ភូមិសន្សំកុសល5 សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានអោយដឹងថា បុរសជាជនបរទេសរូបនេះ មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលពន្យល់ហេតុផលយ៉ាងណាក៏ដោយ បន្ទាប់ពីរូបគេបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ១៩ នាពេលកន្លងទៅ ។

បន្ទាប់ពីមានការរឹងទទឹងមិនព្រមធ្វើសំណាករួចមក ដោយមានការស្នើរសុំពីក្រុមគ្រូពេទ្យ និងដោយមានបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងអន្តរាគមន៍

នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការនៅសាលារាជធានីភ្នំពេញស្រាប់ ចេញទៅសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ

និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីមាននីតិវិធីបង្ខំចំពោះជនទាំងឡាយ ដែលរឹងទទឺងមិនព្រមសហការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសការយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ។

ក្នុងការចុះអន្តរាគមន៍ខាងលើ គេសង្គេតឃើញ កម្លាំងកងរាជអាវុធហត្ថ មានបំពាក់នូវសម្ភារៈគ្រប់គ្រាន់ ក្នុងការអនុវត្តចាប់បង្ខំលើជនរឹងទទឹងខាងលើ ដោយមានការដំបងចាប់ , ខែល , សំណាញ់ ពិសេសមានការស្លៀកពាក់យ៉ាងត្រឹមត្រូវដើម្បីការពារមេរោគកូវីដ១៩ផងដែរ ។

បន្ទាប់ពីឃើញមានកម្លាំងចម្រុះ ចុះទៅត្រៀបត្រា និងត្រៀមចូលទៅចាប់ខ្លួនហើយនោះ ជនបរទេសរូបនោះ ទំនងជាមានការភ័យខ្លាច ក៏បានដើរចូលទៅក្នុងរថយន្តសាម៉ុយរបស់ក្រុមគ្រូពេទ្យតាមសម្រួល ដោយគ្មានអ្នកចាប់បង្ខំឡើយ ។

ក្រោយដើរចូលក្នុងរថយន្តហើយនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានបញ្ចូនខ្លួនរូបគេបន្តទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីអោយគេធ្វើចត្តាឡីស័កនៅទីនោះ និងធ្វើការយកសំណាកដើម្បីតេស្តិ៍រកមេរោគកូវីដ១៩ផងដែរ ។

សូមបញ្ជាក់ថា មូលហេតុដែលបញ្ចូន រូបគេទៅកាន់ មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័កនៅទីនោះ គឺដោយសារនៅទីនោះ មានកម្លាំងប្រចាំការគ្រប់គ្រាន់ បូកបញ្ចូលជាមួយសម្ភារៈគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ ឬបង្ក្រាបលើជនទាំងឡាយណាដែលរឹងទទឹងមិនព្រមចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យជាដើម ។

គួរបញ្ជាក់ថា ជនបរទេសខាងលើ គឺបានប៉ះពាល់ផ្ទាល់ជាមួយបុរសជាជនជាតិអាមេរិកម្នាក់ និងស្ត្រីខ្មែរម្នាក់ទៀត ដែលរស់នៅចំណុចខុនដូរកើតហេតុ ដែលអ្នកទាំង២ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានផ្ទុកវីរុសកូវីដ១៩ តាំងពីរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ កន្លងទៅ ៕

ដកស្រង់ពី៖ កោះសន្តិភាព