Social Network

សម្តេច​ប្រមុខរដ្ឋ​ស្តីទី ៖ ទោះបីជា​ស្ថិត​ក្នុង​វិ​ប​តិ្ត​កូ​វី​ដ​ក៏​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​សិង្ហ​បុរី​មាន​ទំហំ​៤,២៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

រាជធានីភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយក៏ពាណិជ្ជកម្មទ្វេភាគីកម្ពុជាសិង្ហបុរីមានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ។

ការបញ្ជាក់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសឱ្យលោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២៥មីនាឆ្នាំ២០២១ ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ធាវ ឡេ ឈិង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាតាមរយៈបេសកកម្មការទូតរបស់លោកជំទាវ

សម្តេចមានជំនឿជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវ ធាវ ឡេ ឈិង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានផ្តល់កិត្តិយសឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនដូចជា ៖ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ។

វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគិនសិង្ហបុរីបានសហការយ៉ាងជិតស្និតជាមួយនឹងអ្នកវិនិយោគកម្ពុជា ក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋាកិច្ច។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរី មកព្រះរាជាណាចក្រកម្ពុជា គឺមានការកើនឡើង៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងគ្នា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុំលោកជំទាវឯកអគ្គរដ្ឋទូត ហើយសម្តេចបានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានភ្ជាប់ទំនាក់ទំនងការទូតកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥ ។ កាលពីឆ្នាំ២០២០កន្លងទៅនេះ ប្រទេសទាំងពីរបានប្រារព្ធពិធីអបអរសាទរខួបលើកទី៥៥ នៃចំណងការទូត តាមរយៈការរៀបចំព្រឹតិ្តការណ៍បង្ហាញគំនូរ សិល្បៈ ម្ហូបអាហារ តន្ត្រី និងវប្បធម៌របស់ប្រទេសទាំងពីរ។

កត្តានេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅរវាងប្រជាជន និងប្រទេសទាំងពីរ។ សម្តេច បានបង្ហាញនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ។

ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ក៏ដូចជាស្តែងឡើងតាមរយៈនៃការ គាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហ-បុរី ដែលបានរួមវិភាគទានយ៉ាងច្រើនក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបតិ្តការទ្វេភាគី ។

ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយពង្រឹងសមត្ថភាពមន្ត្រីរាជការកម្ពុជាលើជំនាញនានា នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-សិង្ហបុរី។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះប្រទេសសិង្ហបុរីដែលមានប្រព័ន្ធអប់រំល្អ និងលើកសំណើជូនលោកជំទាវឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពបង្កើនការផ្តល់អាហារូបករណ៍របស់ប្រទេសសិង្ហបុរី ឱ្យនិស្សិត និងមន្ត្រីរាជការកម្ពុជាបន្ថែមទៀត នៅពេលខាងមុខ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឯកភាពចំពោះសំដីរបស់លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានលើកឡើកទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច-សង្គម។ សម្តេចបានបញ្ជាក់ថា”ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរមានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ ប៊ីលានដុល្លារអាមេរិក (ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០) ។

ជាមួយគ្នានោះដែរ សម្តេចប្រមុខរដ្ឋស្តីទីបានស្នើដល់លោកជំទាវឯក អគ្គរដ្ឋទូតជួយជំរុញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ ក្នុងដំណាក់កាលនៃរីករាលដាលនៃជំងឺកូវីដ១៩ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្តាល ឬចុងខែតុលា ឆ្នាំ២០២១ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២។ សម្តេចបានស្នើសុំការគាំទ្រ និងអញ្ជើញសភាសិង្ហបុរីចូលរួមក្នុងកិច្ចប្រជុំទាំងនេះ។

តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរព រាប់អាន និងនឹករលឹកដ៏ខ្ពង់ខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃសាធារណរដ្ឋសិង្ហបុរី ។

សម្តេចក៏បានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបាននូវជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ នៅព្រះជាណាចក្រកម្ពុជា ៕ធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ដកស្រង់ពី៖ កោះសន្តិភាព