Social Network

បិទ​ផ្សារ​ធំ​ទួល​សង្កែ​ ​១៤​ថ្ងៃ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដចេញ-ចូលផ្សារនេះ​

រាជធានីភ្នំពេញ ៖ ផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ត្រូវបានរដ្ឋបាលខណ្ឌឫស្សីកែវផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងរយះពេល ១៤ថ្ងៃគិតចាប់ពីម៉ោង០០និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩។

ផ្សារសាំហាន់ ជាផ្សារមួយស្ថិតនៅមូលដ្ឋានសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញជាផ្សារមួយ នៅជាប្រជុំជនរោងចក្រ ដែលពោរពេញទៅដោយកម្មករ កម្មការីនីរោងចក្រចេញចូល ។

ការបិទផ្សារនេះ ត្រូវបានគេដឹងថា បន្ទាប់ពីអ្នកវិជ្ជមានកូវីដ១៩ បានចេញចូលផ្សារខាងលើនេះ។

តាមសេចក្តីជួនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ(ផ្សារសាំហាន់)បានអោយដឹងថា ដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវិដ១៩ ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានបងប្អូនអាជីវករ

និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ា់ងឆាប់រហ័សគួរអោយព្រួយបារម្ភនិងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

នៅចំពោះមុខ រដ្ឋបាលខណ្ឌឬស្សីកែវ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋាន ផ្សារធំទួលសង្កែ (ផ្សារសាំហាន់)ក្នុងសង្កាត់ទួលសង្កែ ១សម្រាប់រយះពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង០០និង០០នាទីថ្ងៃទី១៩ខែមេសា ឆ្នាំ ២០២១ដល់ថ្ងៃទី០២ខែឧសភាឆ្នាំ ២០២១ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ទៅដល់បងប្អូន អាជីវករ អាតិថិជនក៍ដូចជាប្រជាពលរដ្ឋដែលបានចេញចូលផ្សារនេះ។

នៅក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខណ្ឌឬស្សីកែវ ក៍បានអំពាវនាវដល់បងប្អូន អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចេញចូលផ្សារ

នេះគិតចាប់ពីថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១០ខែមេសា ឆ្នាំ ២០២១មក បើមានអការះក្តៅខ្លួន ក្អក ពិបាកដកដង្ហើមហើយមានការសង្ស័យថា ឆ្លងមេរោគកូវីដ១៩

សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់នៅក្នុងវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័កស្រមតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវបំផុត៕

ដកស្រង់ពី៖ កោះសន្តិភាព