Social Network

វៀតណាម បន្ថែមជំនួយសប្បុរសធម៌ ៣០ម៉ឺន​ដុល្លារទៀត ដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុង​ការ​ប្រយុទ្ធប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី២១ ខែមេសានេះថា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០ ០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

តាមសេចក្តីប្រកាស ថ្នាក់ដឹកនាំវៀតណាម ក៏បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា នឹងអាចជម្នះបាននូវការលំបាកបង្កដោយរោគរាតត្បាតនេះ ដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន ក្នុងពេលឆាប់ៗខាងមុខ។

សេចក្តីប្រកាស លើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់នូវជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។

ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រជាជាតិទាំងពីរផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ង្វៀន សួនហ៊្វុក ដែលកាលណោះ ជានាយករដ្ឋមន្ត្រីវៀតណាម បានសរសេរលិខិតជូនសម្តេចតេជោ ហ៊ុន សែន ជម្រាបពីការផ្តល់ជំនួយជាថវិកា ២០០ ០០០ ដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ដកស្រង់ពី៖ កោះសន្តិភាព