Social Network

រោងចក្រ​ថ្មី​ៗ​បើក​ដំណើរការ​ជាង​១​ពាន់​ទីតាំង​ក្នុង​វិបត្តិ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើទី១៣៥នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ឧសភា ២០២១នេះ បានឱ្យដឹងថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ១៩ ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីៗគ្រប់ប្រភេទជូនពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ។

សម្ដេចតេជោ មានប្រសាសន៍ថា រោងចក្រសហគ្រាសចំនួន ១១០៣ បានបើកដំណើរការថ្មី ដែលផ្ដល់ការងារដល់កម្មករនិយោជិតសរុបជាង៦ម៉ឺននាក់បន្ថែមទៀត ។

លើសពីនេះ ចំនួនរោងចក្រសហគ្រាសដែលបានព្យួរកិច្ចសន្យារការងារបានធ្លាក់ចុះពីចំណុចកំពូលនៅខែមិថុនា ឆ្នាំ ២០២០ ពីចំនួន៤៣៣ ស្មើនឹងកម្មករនិយោជិតជាង១៥ម៉ឺននាក់មកត្រឹម១៥០រោងចក្រសហគ្រាស ស្មើនឹងកម្មករជាង២ម៉ឺននាក់ គិតត្រឹមបំណាច់ឆ្នាំ ២០២០ និងបន្តធា្លក់ចុះជាបណ្ដើរៗផងដែរ ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ក៏បានចុះឈ្មោះស្វែងរកការងារចំនួន១៧.២០១នាក់ បានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន១៨៤.៨០៨នាក់ និងបានបន្តជួយស្វែងរកការងារជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំផងដែរ ។

សម្ដេចបន្ថែមថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ បានបណ្ដាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ១៩ កើនឡើងយ៉ាងគំហុក គួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ១៩ ផងដែរ ។

រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់ មកលើស្ថានភាពសង្គមសេដ្ឋកិច្ច និងគោលបំណងធ្វើយ៉ាងណាស្ដារសេដ្ឋកិច្ចលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាឡើងវិញ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានលើកឡើងថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ វិស័យជាច្រើនបានរងផលប៉ះពាល់ និងបន្ថយនូវសកម្មភាពនៃការវិនិយោគ ប៉ុន្តែសម្រាប់វិស័ឧស្សាហកម្មរោងចក្រកាត់ដេរ នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ពីសំណាក់វិនិយោគ ដោយមានវិនិយោគជាច្រើនស្វែងរកទីតាំងសម្រាប់សង់ឃ្លាំងជួលធ្វើជារោងចក្រកាត់ដេរ ។

ជាការកត់សម្គាល់បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានបង្ហាញអំពីការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅនៅក្នុងវិស័យឧស្សាហកម្មរោងចក្រ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានចេញវិញ្ញាបនបត្រជាបន្តបន្ទាប់ផងដែរ បណ្ដាក្រុមហ៊ុនវិនិយោគទាំងនោះអាចដំណើរការវិនិយោគបាន ។

តាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានឱ្យដឹងថាផលិតកម្មឧស្សាហកម្មត្រូវរំពឹងកើនឡើង៧,១ភាគរយនៅឆ្នាំ ២០២១ និង៧ភាគរយនៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង

និងទំនិញសម្រាប់ធ្វើដំណើរ ក៏ដូចជាកំណើននៃឧស្សាហកម្មធុនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់ ៕

ដកស្រង់ពី៖ កោះសន្តិភាព