Social Network

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅប្រទេស សិង្ហបុរី ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីបុណ្យសព លោក លី ក្វាន់យូ

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ នេះ បានអញ្ជើញ ទៅចូលរួម ពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ របស់លោក លី ក្វាន់យូ បិតាស្ថាបនិក ប្រទេស សិង្ហបុរី ដែលគេនឹង ប្រារព្ធឡើង ជាផ្លូវរដ្ឋ ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ ។

យោងតាម សេចក្តីរាយការណ៍ ពីមន្រ្តីរាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញ ត្រឡប់មកវិញ នៅថ្ងៃទី២៩ ខែមីនា ស្អែកនេះ ។ សម្តេច ធ្លាប់បានមាន ប្រសាសន៍ថា លោក លី ក្វាន់យូ មិនមែនត្រឹមតែ ជាស្ថាបនិក សិង្ហបុរី ប៉ុណ្ណោះទេ ប៉ុន្តែ លោកថែមទាំង ជាសហស្ថាបនិក នៃអាស៊ានទាំងមូល ផងដែរ ដែលលោកបាន ចូលរួមចំណែក ក្នុងការបង្កើត សហគមន៍សេដ្ឋកិច្ច អាស៊ាន ។

សម្តេច បានបន្ថែមទៀតថា លោក លី ក្វាន់យូ បានធ្វើការងារ ដើម្បីប្រទេសជាតិ រហូតដល់ថ្ងៃ បញ្ចប់ជីវិត ។ សូមបញ្ជាក់ថា លោក លី ខ្វាន់ យូ មេដឹកនាំដ៏ ល្បាញល្បី លើពិភពលោក នឹងត្រូវបានគេ ប្រសិទ្ធនាមថា ជាបិតាស្ថាបនិក សិង្ហបុរី និងជាឪពុកបង្កើត របស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរី បច្ចុប្បន្ន បានទទួលមរណភាព នៅមន្ទីរពេទ្យ Singapore General Hospital ក្នុងជន្មាយុ ៩១ឆ្នាំ កាលពី ថ្ងៃចន្ទ ទី២៣ ខែមីនា កន្លងទៅនេះ ៕


ដកស្រង់ពី ៖ ដើមអម្ពិល