Social Network

នាយករដ្ឋមន្រ្តី៖ មានគណបក្សប្រជាជន ទើបមានសន្តិភាព និង ការអភិវឌ្ឍន៍

ភ្នំពេញ៖ ជាថ្មីម្តងទៀតពី ខេត្តស្ទឹងត្រែង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសងើបចេញពីសង្រ្គាម រ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ បានប្រកាស ក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាថា មានតែគណបក្ស ប្រជាជនកម្ពុជា ទើបនាំឲ្យមានសន្តិភាព និង ការអភិវឌ្ឍន៍ ហើយគណបក្ស ដទៃមិនប្រាកដធ្វើបានឡើយ ។

សម្តេចបានបញ្ជាក់ទៀតថា ឲ្យតែមានសន្តិភាព មិនខ្វះឡើយឱកាស ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា -ចិន និងផ្លូវជាតិលេខ ៩ តភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ បានរំលឹកហេតុការណ៍ ក្រោយពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣ថា ហេតុការណ៍ជ្រួល ច្របល់រយៈពេលប្រមាណជា ២ -៣ថ្ងៃនោះ ធនាគារអេស៊ីលីដា ត្រូវបានអតិថិជន ដកប្រាក់អស់ប្រមាណ ១៧៥លានដុល្លារ ហើយសាំងត្រូវបាន ទិញស្តុកទាំងអស់ ។

សម្តេចបញ្ជាក់ថា នេះមិនទាន់មាន ហេតុការណ៍ប្លន់ផង សភាពការណ៍ បានស្ងប់ស្ងាត់ឡើងវិញ ក្រោយពេលដឹងថា គណបក្ស ប្រជាជនឈ្នះឆ្នោត ។ ឆ្លើយតបនឹងការលើកឡើង របស់ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីសម្ពោធស្ពាន និងផ្លូវ ដែលថា នឹងបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា នាអាណត្តិក្រោយនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ « ត្រូវតែបោះ ចឹង [បោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ] បើមិនបោះទេ ពិបាករត់ហើយ មានគណបក្ស ប្រជាជនទើបមាន សន្តិភាព និង ការអភិវឌ្ឍន៍ គណបក្សដទៃ មិនប្រាកដទេ ។ [...] អត់ពីគណបក្សប្រជាជន ក្រឡាប់ បោះដើម្បីសន្តិភាព ឬបោះ ដើម្បីសង្រ្គាម » ។ «មានព្រៃមិនខ្វះអុសដុតទេ ។

ខ្ញុំចង់និយាយថា ឲ្យតែមានសន្តិភាព គឺនៅមាន ឱកាសដើម្បីអភិវឌ្ឍន៍ ។ ប៉ុន្តែបើមានសង្រ្គាមហើយ រត់លូនហើយ » ។ នាយករដ្ឋមន្រ្តីកម្ពុជា នៅបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ធ្វើការរួមគ្នា អត់ធ្វើតែម្នាក់ឯងនោះទេ ហេតុនេះហើយ ទើបធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា អាចដឹកនាំប្រទេស បានជាង ៣០ឆ្នាំ ហើយសម្តេចអាចធ្វើ ជានាយករដ្ឋមន្រ្តី តាំងពីសក់ខ្មៅ ដល់សក់ស និងពីសក់ស រហូតដល់សក់ខ្មៅវិញ ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ អ្នកដែលចង់ផ្លាស់ប្តូរ ឲ្យក្រឡេកទៅមើល ការផ្លាស់ប្តូរសម្តេច នរោត្តម សីហនុ ចេញពីប្រមុខ រដ្ឋកាលពីឆ្នាំ១៩៧០ ដែលធ្វើឲ្យប្រទេសជាតិ ត្រូវធ្លាក់ចូលក្នុងអន្លង់ នៃភាពវឹកវរក្នុងរបប ប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ថែមទៀត ។

សម្តេចតេជោ ក៏បានដាក់ផ្លែផ្កា ឲ្យយុទ្ធនាការ នៃការធ្វើក្បួនបាតុកម្ម នៅក្រោយការបោះឆ្នោត នាឆ្នាំ២០១៣ ដឹកនាំគណបក្ស សង្រ្គោះជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរ ដោយប្រើសំឡេង មហាជននោះថា គឺជាយុទ្ធនាការ នៃការផ្តួលរំលំ រាជរដ្ឋាភិបាល ។

សម្តេចបញ្ជាក់ថា បើយុទ្ធនាការទាមទារ ការផ្លាស់ប្តូរ ធ្វើមុនបោះឆ្នោត គឺជារឿង ត្រឹមត្រូវតែបើធ្វើ នៅក្រោយការ បោះឆ្នោត គឺជាបដិវត្តពណ៌ហើយ ។ សម្តេចបានព្រមាន ទៅមេដឹកនាំ ដែលដឹកនាំយុទ្ធនាការ ទាមទារឲ្យមានការផ្លាស់ប្តូរនោះ កុំឲ្យស្ទុះនឹងផ្លូវច្បាប់ ៕

ដកស្រងពី៖ដើមអម្ពិល