Social Network

ការបើក​សាលារៀន​ឡើងវិញ ផ្អែកលើ​គ្រូ និង​សិស្ស បាន​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​

កំពតៈ ព្រោះតែលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅទូទាំង ប្រទេស បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តគ្រប់ៗគ្នា ទើបរាជរដ្ឋាភិបាល ហ៊ានសម្រេចបើក សាលារៀនឡើងវិញ។

នេះជាការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ សហការជាមួយ រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំពិធីសម្ពោធ ដើម្បីប្រគល់-ទទួល ហេដ្ឋារចនាសម្ព័ន្ធអប់រំ សម្រាប់សាលាគរុ កោសល្យ និងវិក្រឹតការខេត្តគោលដៅចំនួន ១១ ជូនដល់គណៈ គ្រប់គ្រង បានប្រើប្រាស់ ជាផ្លូវការ។

ថ្លែងបញ្ជាក់ ក្នុងពិធីខាងលើ លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថាៈផ្អែកតាម របាយការណ៍ របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ទាំងអស់ គឺលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស គ្រប់រូប សុទ្ធតែបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ក្នុងម្នាក់ ទទួលពីរដូសរួចរាល់។

ផ្តើមចេញពីកត្តានេះហើយ ទើបរាជរដ្ឋាភិបាល បានសម្រេចឈានទៅបើក សាលារៀនទាំងរដ្ឋនិងឯកជន ឡើងវិញ ដោយស្ថិតក្រោមលក្ខខណ្ឌ បន្តអនុវត្តវិធានសុខាភិបាល ពិសេស ៣ការពារ ៣កុំ។

លោករដ្ឋមន្ត្រី បានបន្តថាៈ ក្នុងនាមក្រសួងអប់រំ លោកសូមកោតសរសើរ និងថ្លែង អំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានទៅ ទទួលយក ការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមបង្ការទប់ស្កាត់ ការឆ្លង រាលដាល ជំងឺកូវីដ-១៩។

ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និង អ្នកដទៃ ពិសេសរវាងគ្រូ និងសិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នា ដ៏ជិតស្និទ្ធជាប្រចាំនោះ។

ពាក់ព័ន្ធការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំ សម្រាប់សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តគោលដៅទាំង ១១ ជូនគណៈគ្រប់គ្រងនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថាៈ សមិទ្ធផលទាំងនេះ កកើតឡើង ក្រោមកិច្ចសហការរវាងក្រសួងអប់រំ

និងអង្គការយូណេស្កូដោយអនុវត្តលើគម្រោង ពង្រឹងកម្មវិធីអប់រំ គ្រូបង្រៀន នៅកម្ពុជា សម្រាប់ការងារកែលម្អ ហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅតាមសាលាគរុកោសល្យខេត្ត ទាំង ១១ ទីតាំង។

សាលាគរុកោសល្យទាំងនោះ ស្ថិតនៅក្នុងខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តពោធិសាត់ ខេត្តស្ទឹងត្រែង និងស្វាយរៀង៕

Copy. rasmeinews