Social Network

ទួកគី ស្នើសុំកម្ពុជា រៀបចំឱ្យមានកិច្ចព្រមព្រៀង ស្តីពី បត្យាប័ន រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសតួកគី។

នៅក្នុងជំនួប នៅទីស្តីការក្រសួងយុត្តិធម៌ លោកស្រីឯកអគ្គរដ្ឋទូត បានស្នើសុំលោករដ្ឋមន្ត្រី ក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងស្តីពីបត្យាប័នរវាងប្រទេសទាំងពីរ។ក្រសួងយុត្តិធម៌ បានប្រកាសថា ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី

បានស្នើឱ្យភាគីតួកគី រៀបចំដាក់សំណើនេះ ជាផ្លូវការ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីក្រសួងយុត្តិធម៌ រៀបចំនីតិវិធីបន្ត ដើម្បីឈានទៅដល់ការសិក្សាលើការរៀបចំកិច្ចព្រមព្រៀង ស្តីពី បត្យាប័ននេះ នាពេលខាងមុខ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នា ក្នុងការកំណត់ Focal Point រៀងៗខ្លួន សម្រាប់ការអនុវត្តការងារនេះ

ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកសារ បង្ហាញថា ការធ្វើបត្យាប័ន គឺជាការប្រគល់ខ្លួនបុគ្គលម្នាក់ដោយរដ្ឋ ( រដ្ឋដែលត្រូវបានស្នើសុំ ) ទៅឲ្យអាជ្ញាធររបស់រដ្ឋមួយទៀត (រដ្ឋដែលបានធ្វើការស្នើសុំ) ក្នុងគោលបំណងផ្តន្ទាទោសព្រហ្មទណ្ឌ ឬការអនុវត្តន៍ការកាត់ទោស៕

Copy. kohsantepheapdaily