Social Network

អ្នកសម្របសម្រួលសហប្រជាជាតិប្រចាំ​កម្ពុជាគាំទ្រសេចក្តីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ របស់​កម្ពុជា​

ភ្នំពេញ៖លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ប៉ូលីន តាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាប្រធានអង្គការយូអិនឌីភី( UNDP) ប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

បើតាមលោក កត្តា អ៊ន សមាជិក និងជាអ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថាក្នុងជំនួបពិភាក្សានោះ លោក កែវ រ៉េមី បានលើកឡើងអំពីវឌ្ឍនភាព និងផែនការសកម្មភាពនៃរបាយការណ៍ UPR (Universal Periodic Review) ពាក់កណ្តាលអាណត្តិ ដំណើរការនៃកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា និងទំនាក់ទំនងនៃអនុសាសន៍ UPR ជាមួយនឹងសេចក្ដីសង្កេតសន្និដ្ឋាននៃអនុសញ្ញាស្តីពីសិទ្ធិស្ត្រី (CEDAW)។

លោកស្រី ប៉ូលីន តាមេស៊ី បានសម្តែងការកោតសរសើរចំពោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងកិច្ចសហការជាមួយអង្គការសហប្រជាជាតិ កន្លងមក ហើយបង្ហាញជំហរក្នុងការបន្តគាំទ្រដល់សកម្មភាពការងាររបស់

គ.ស.ម.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលក្នុងការងារលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។លោកស្រី ប៉ូលីន តាមេស៊ីស បានបញ្ជាក់ថា៖លោកស្រីបានគាំទ្រលើសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

និងគាំទ្រ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពន្លឿនសេចក្តីព្រាងច្បាប់នេះឱ្យបានបញ្ចប់ការប្រមូលធាតុចូល ហើយសង្ឃឹមថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តពីសភានៅពេលខាងមុខ។

លោកស្រីក៏បានសម្តែងនូវជំហរគាំទ្រគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងការសហរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិនិត្យលើរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃការពិនិត្យជាសកលតាមកាលកំណត់ (UPR) ដោយលោកស្រីនឹងបន្តជួយតាមរយៈការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងគាំទ្រនូវការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

ដូច្នេះ ចំណុចចំនួន២នេះ លោកស្រីបើកចំហរក្នុងការជួយទៅលើគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយលោកស្រីគាំទ្រផងដែរចំពោះការសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បានជម្រាបលោកស្រី ប៉ូលីន តាមេស៊ីស អំពីភាពរីកចម្រើននៅក្នុងការអនុវត្តអនុសាសន៍ UPR មានន័យថា ចាប់តាំងពីកម្ពុជាបានទទួលអនុសាសន៍ចំនួន១៧៣មក នៅខែតុលា ឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើការពិភាក្សាលើអនុសាសន៍នោះ ដោយគណៈកម្មាធិការសិទ្ធិមនុស្សបានធ្វើការបែងចែកអនុសាសន៍ទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។

លោក កែវ រ៉េមី បានបន្តថា សម្រាប់នៅខែកក្កដា ឆ្នាំ២០២១ ដែលមានរយៈពេល២ឆ្នាំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមប្រមូលអនុសាសន៍ទាំងនោះ មកចងក្រងដើម្បីឱ្យក្លាយទៅជារបាយការណ៍ ពាក់កណ្តាលអាណត្តិ។

ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ លោក កែវ រ៉េមី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចជូនក្រុមអង្គការសង្គមស៊ីវិល នៅក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ប៉ុន្តែ រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីព្រាងច្បាប់ណាមួយដែលសម្រេចបានដោយអង្គការសង្គមស៊ីវិលទេ

ទើបសម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ភារកិច្ចនេះមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពន្លឿនធ្វើសេចក្តីព្រាងច្បាប់នេះ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ ដោយសហការជាមួយអ្នកជំនាញរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកជំនាញមកពីវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF)

មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដោយបានរៀបចំសេចក្តីព្រាងច្បាប់មួយ ត្រឹមត្រូវស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលបានបញ្ចប់សេចក្ដីព្រាងទី១ កាលពីខែកក្កដា ឆ្នាំ២០២១នេះ ដែលក្នុងសេចក្ដីព្រាងច្បាប់នេះមានចំនួន៨ជំពូក

និង៣២មាត្រា។ជុំវិញករណីនេះ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ឱ្យមានកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់ចាប់ពីថ្នាក់តំបន់ អន្តរជាតិ ការពិគ្រោះយោបល់ផ្ទៃក្នុងរវាង អង្គការសង្គមស៊ីវិល ហើយដោយឡែកនៅថ្ងៃទី២៦ ខែវិច្ឆិកាស្អែកនេះ

សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ឱ្យជជែងពិភាក្សាជាមួយអង្គការសង្គមស៊ីវិលចំនួន១០ ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក កែវ រ៉េមី បានបញ្ជាក់បន្តថា សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ឱ្យមានកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់ចាប់ពីថ្នាក់តំបន់ អន្តរជាតិ

ការពិគ្រោះយោបល់ផ្ទៃក្នុងរវាង អង្គការសង្គមស៊ីវិល ហើយដោយឡែកនៅថ្ងៃទី២៦ ខែវិច្ឆិកាស្អែកនេះ សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ឱ្យជជែងពិភាក្សាជាមួយអង្គការសង្គមស៊ីវិលចំនួន១០ ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

Copy. rasmeinews