Social Network

ចិន បញ្ជាក់ជាថ្មីនូវការគាំទ្រកម្ពុជា ចំពោះគម្រោង​អភិវឌ្ឍន៍ ក៏ដូចជាកិច្ចខំប្រឹងប្រែង ក្នុងការស្តារ​សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩

ភ្នំពេញ៖ ចិន តាមរយៈរដ្ឋមន្ត្រីការបរទេស ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិន ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា។

លោកប្រមុខការទូតចិន ក៏បានអះអាងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញ។

ការលើកឡើងរបស់ប្រមុខការទូតចិនខាងលើនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការបរទេស ប្រកាសថា ក្នុងឱកាសបំពេញទស្សនកិច្ចខាងលើ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងលើវឌ្ឍនភាពជាលំដាប់ នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានអះអាងជាថ្មីក្នុងការលើកកំពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។

ភាគីទាំងពីរ ក៏បានសម្តែងការអបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទេ្វភាគីរវាងប្រទេសទាំងពីរ ឱ្យដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

លោក ប្រាក់ សុខុន ក៏បានសម្តែងការអរគុណចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងការបង្កើនការនាំចូល កសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត។

លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់ សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានកោតសរសើរនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បើទោះបីជាមានការរំខានបង្ករឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិន ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា។

លោក បានអះអាងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញ ។

ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នា ពន្លឿនការអនុវត្តផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណដល់មិត្តចិន ដែលបានឯកភាពផ្តល់ហិរញ្ញប្បទានលើគម្រោងចំនួន ៦៧ នៅកម្ពុជា ដែលមានតម្លៃសរុប ២៦ លានដុល្លារ អាមេរិក។

ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសំខាន់ៗ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន- ចិន ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក។ រដ្ឋមន្ត្រីការបរទេសទាំងពីរពេញចិត្តចំពោះភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ដែលបានប្រកាសជាផ្លូវការអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ចិន។

ខណៈដែលកម្ពុជានឹងចូលកាន់តំណែងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នាពេលឆាប់ៗនេះ លោក ប្រាក់ សុខុន បានជម្រាបជូនសមភាគីចិនអំពីមូលបទរបស់កម្ពុជាសម្រាប់ ឆ្នាំ២០២២ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ក៏ដូចជា អាទិភាពសំខាន់ៗ រួមមាន ភាពចាំបាច់ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

លោក វ៉ាង យី បានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបរអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី ១៣ ដោយជោគជ័យ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរមិត្តចិន ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងនៅឆ្នាំ ២០២២ ហើយសូមជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាតំបន់ និងអន្តរជាតិ នានា ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការវិវត្តសភាពការណ៍ថ្មីៗនៅប្រទេសមីយ៉ាន់ម៉ា។

មុនបញ្ចប់កិច្ចប្រជុំទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ» រវាងកម្ពុជា និងចិន ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព