Social Network

សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ ប្រគល់​រង្វាន់​ដល់​ម្ចាស់​មេដាយ​មាស​ពិភពលោក​ប្រភេទ​កីឡា​ប៉េតង់

ភ្នំពេញ ៖ អមដំណើរដោយ ម៉ូតូប៉ូលិសចំនួន ១២គ្រឿង ក្បួនដង្ហែ កីឡាការិនី កែ ឡេង ជម្រើសជាតិ ប្រភេទកីឡា ប៉េតង់ ដែលដណ្តើមបាន មេដាយមាស ក្នុងការប្រកួត ជើងឯក កីឡាប៉េតង់ នារីពិភពលោក លើកទី១៤ នៅទីក្រុង ម៉ុងតូបង់ សាធារណរដ្ឋ បារាំង កាលពីឆ្នាំ២០១៣ បានចាកចេញពី វិមានសន្តិភាព កាលពីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ឆ្លងកាត់តាម មហាវិថីមួយចំនួន ក្នុងរាជធានី ភ្នំពេញ ក្រោមការស្វាគមន៍ យ៉ាងកក់ក្តៅ ពីមហាជន គ្រប់ស្រទាប់ វណ្ណៈ ។


កីឡាការិនី កែ ឡេង ត្រូវបានបំពាក់ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃ រាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្តល់ នូវថវិកា លើកទឹកចិត្ត ជាច្រើនផងដែរ។ សម្តេច តេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ថ្ងៃនេះ យើងមានវីរនារី មួយរូបទៀត ដែលបានកើតចេញ មកពីការខិតខំ ពីសំណាក់សាមីខ្លួនផ្ទាល់ និងការខិតខំ របស់រាជរដ្ឋាភិបាល កម្ពុជា ។

សម្តេចតេជោ មានប្រសាសន៍ បន្តថា យើងអាចកត់សម្គាល់ ឃើញថា កីឡា មិនថា ប្រទេសធំ ប្រទេសតូច ប្រទេសមាន ប្រទេសក្រនោះទេ ផ្ទុយទៅវិញ ឲ្យតែយើងពូកែ មានជំនាញ និងសមត្ថភាព ពិតប្រាកដ យើងនឹងទទួលបាន នូវកីឡាឆ្នើម របស់ជាតិ និងពិភពលោក តាមរយៈ ការលើកបង្ហាញ នូវទង់ជាតិ របស់យើង នៅលើឆាកអន្តរជាតិ ។ជាមួយនឹង មោទនភាពជាតិ ដែលកីឡាការិនី កែ ឡេង ទទួលបាននៅ ពេលនេះ និងជាមួយនឹង ការបម្រើការងារ ក្នុងកងយោធពល ខេមរភូមិន្ទ ក៏ដូចជា ការជំរុញ លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ផ្សេងៗទៀត ចូលលេងកីឡា ឲ្យកាន់តែមាន សកម្មភាពផុលផុសនោះ សម្តេចតេជោ បានសម្រេចដំឡើង ឋានន្តរស័ក្តិ ជូនកីឡាការិនី កែ ឡេង អនុសេនីយ៍ទោ ទៅដល់ អនុសេនីយ៍ឯក នៃកងយោធពល ខេមរភូមិន្ទ ដែលនឹងចុះហត្ថលេខា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ។

សម្តេចតេជោ ក៏បានសន្យា ក្នុងពិធីសំណេះសំណាល នៅវិមានសន្តិភាពថា កីឡាករ កីឡាការិនី កម្ពុជាទាំងអស់ ដែលដណ្តើមបាន មេដាយមាស១ ក្នុងការ ប្រកួតកីឡាអាស៊ី និងកីឡា ពិភពលោកនោះ នឹងទទួលបាន ឋានន្តរស័ក្តិ ១ស័ក្តិ ដែលនេះគឺជា ការលើកទឹកចិត្តមួយ សម្រាប់កីឡាករ កីឡាការិនី កម្ពុជារបស់យើង ។ សម្តេចតេជោ មានប្រសាសន៍ អំពាវនាវដល់ គ្រប់សហព័ន្ធកីឡាទាំងអស់ ត្រូវខិតខំពង្រឹង សកម្មភាពហ្វឹកហាត់ ចំពោះកីឡាករ កីឡាការិនី ដើម្បីឲ្យកាន់តែ មានសមត្ថភាព ជំនាញបច្ចេកទេស និងទទួលប្រៀបឈ្នះ របស់កម្ពុជា ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចាប់តាំងពីពេល ចាប់បដិសន្ធិ របស់ខ្លួនមក ដល់បច្ចុប្បន្ន កីឡាប៉េតង់ កំពុងទទួលបាន នូវការពេញនិយម ច្រើននៅកម្ពុជា។ លោករដ្ឋមន្ត្រី មានប្រសាសន៍ បន្តថា ជាលទ្ធផល មកដល់ពេលនេះ កីឡាជម្រើសជាតិ កម្ពុជា បានចូលរួមប្រកួត លើឆាកអន្តរជាតិ ទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោក និងទទួលមេដាយសរុប ចំនួន១៧០ ក្នុងនោះ មេដាយមាស ចំនួន៤១ មេដាយប្រាក់៦៤ និងមេដាយសំរិទ្ធ ៦៥ ។ ឆ្នាំ២០១៥ កម្ពុជាបានបញ្ជូន កីឡាករ កីឡាការិនី ចំនួន៣០នាក់ ចូលរួមប្រកួត កីឡាប៉េតង់ អាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ដោយដណ្តើមបាន មេដាយចំនួន១១ មេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៥ ។

កីឡាការិនី កែ ឡេង បានទទួលរង្វាន់ លើកទឹកចិត្ត ជាទឹកប្រាក់ចំនួន ១៤៤លានរៀល របស់រាជរដ្ឋាភិបាលកម្ពុជា និងថវិកាផ្ទាល់ របស់សម្តេច និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដុល្លា អាម៉េរិកផងដែរ ។ កីឡាការិនី កែ ឡេង ក៏ដណ្ដើមបាន មេដាយសំរិទ្ធិ ពិភពលោក និងមេដាយមាស ប្រាក់ សំរិទ្ធពីការ ប្រកួតក្នុងព្រឹត្តិការណ៍ ថ្នាក់តំបន់ជាច្រើន ផ្សេងទៀត ផងដែរ ៕






ដកស្រង់ពី ៖ កម្ពុជាថ្មី