Social Network

សម្ដេច ហ៊ុនសែន ៖ សូមកុំរង់ចាំ ទទួលផល ពីការបែក បាក់ របស់ CPP ឲ្យសោះ!

ភ្នំពេញ៖ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង និងប្រកាស ដាច់ណាត់ថា គណបក្ស ប្រជាជនកម្ពុជា គ្មានការបែកបាក់បញ្ហា ផ្ទៃក្នុងបក្សនោះទេ និងបានលើកឡើងថា សូមកុំរង់ចាំទទួលផល ពីការបែកបាក់របស់ គណបក្ស ប្រជាជនឲ្យសោះ ។

ថ្លែងពីខេត្ត ព្រះសីហនុ ក្នុងឱកាស អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ រោងចក្រចម្រាញ់ ប្រេងដូងទី២ របស់ ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ សម្ដេចនាយករដ្ឋមន្ត្រី បន្តថា បញ្ហានៃការ បែក បាក់ផ្ទៃក្នុង គណបក្សប្រជាជន ត្រូវបានលើកឡើង ដោយសម្ដេចក្រុម ព្រះនរោត្តមរណឫទ្ធិ ។

សម្ដេចបញ្ជាក់ថា « សូមកុំរង់ចាំទទួលផល ពីការបែកបាក់របស់ CPPឲ្យសោះ! សម្ដេចក្រុមព្រះធ្លាប់ និយាយជាមួយ ខ្ញុំផ្ទាល់ហើយថា គណបក្សប្រជាជន តិចបែកបាក់ មិននឹកស្មានថា ចុងក្រោយអ្នកដែល បែកបាក់គឺ ហ៊្វុនស៊ិនប៉ិចខ្លួនផ្ទាល់ ។ ហ្នឹងជាសម្ដី (បន្ទូល) សម្ដេចក្រុម ព្រះគាត់សារភាព ខ្លួនឯងនៅក្នុង ព្រះបរមរាជវាំង ។

គាត់ថា សម្ដេចកាលហ្នឹងគេចេះ តែឲ្យដំណឹងមកខ្ញុំថា តិចគណបក្សប្រជាជន បែកបាក់ទៅមានក្រុមហេង សំរិន ក្រុម ជា ស៊ីម ក្រុម ហ៊ុនសែន ដល់ទៅបែក បែកឯហ៊្វុនស៊ិនប៉ិន ទៅវិញហើយបែកជា ចំរៀកៗពីហ៊្វុន ស៊ិន ប៉ិចមួយទៅឡើង ហ៊្វុនស៊ិន ប្រាំពីរប្រាំបីឯណោះ » ។

សម្ដេច ហ៊ុន សែន បន្តថា គណបក្សប្រជាជនកម្ពុជា មិនខាំគ្នាដណ្ដើម អំណាចនោះទេ ហើយក៏មិនចេះធ្វើបាតុ កម្មបណ្ដេញគ្នា ចុះចេញពីដំណែងដែរ ។ « ស្គាល់គណបក្ស ប្រជាជន ឲ្យច្បាស់ទើបល្អ កុំរង់ចាំការបែកបាក់ក្នុង គណបក្សប្រជាជន ហើយខ្ញុំគ្មានទម្លាប់ រត់ចោលប្រជាជន គ្មានទម្លាប់រត់ចោលបក្ស ឬ ដូរបក្សពីកន្លែងមួយទៅ កន្លែងមួយនោះទេ ដែលគេថា ស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល ហើយត្រកូល ហ៊ុន សែន នៅគណបក្សប្រជាជនរហូត ខ្ញុំមិនអាចទុកចោល ប្រជាពលរដ្ឋ ដោយខ្វះការទទួល ខុសត្រូវទេ កាន់តែពិបាក ហ៊ុន សែន នៅកាន់ តែកៀក » ។

សម្តេចតេជោ ហ៊ុន សែន ក៏រំលឹកផងដែរថា កាលពីសន្និបាត គណបក្សប្រជាជនកម្ពុជា កាលពីថ្មីៗនេះ មិនបានបញ្ជាក់ អំពីការតែងតាំង បេក្ខជននាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៦នោះទេ ប៉ុន្តែសម្តេច បានបញ្ជាក់ថា ការមិនដាក់បញ្ចូល ចំណុចនេះ នៅក្នុងសេចក្តី ថ្លែងការណ៍ របស់ខ្លួន ពីព្រោះវាមាននៅក្នុង សេចក្តីសម្រេចចិត្តមុនៗ រួចទៅហើយ ព្រមទាំងនៅក្នុង សុន្ទរកថា របស់សម្តេច ហេង សំរិន និងសម្តេចជា ស៊ីម ជាច្រើនលើកច្រើន សារអំពីការគាំទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្តី នៅអាណត្តិទី៥ និងអាណត្តិ បន្តបន្ទាប់ ។

សម្តេចបញ្ជាក់ថា បញ្ហាសំខាន់នៅត្រង់ថា ប្រជាជននៅតែ គាំទ្រសម្តេចនៅតែឈរ ជាពិសេសការ បោះឆ្នោត មិនបានកំណត់ នាយករដ្ឋមន្រ្តី នោះទេ គឺគេរើស តំណាងរាស្រ្ត តែប៉ុណ្ណោះ ៕

ដកស្រងពី៖ដើមអម្ពិល