Social Network

កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត រៀបចំប្រគំតន្ត្រីខ្នាតធំ អប់រំច្បាប់ចរាចរណ៍ មិនយកប្រាក់កម្រៃ

ភ្នំពេញ៖ តារាចម្រៀងឈរ តំណែងកំពូលលោក ខេមរ សេរីមន្ត បានប្រកាសជាសាធារណៈថា រូបលោកសហការ ជាមួយក្រុមហ៊ុន Home Media ប្រគំតន្ត្រីដ៏ធំមួយ ដែលមានឈ្មោះថា « តារាបៃតង » នៅក្នុងពេលខាងមុខដ៏ ខ្លី ដើម្បីផ្សព្វផ្សាយ ស្តីពីគ្រោះថ្នាក់ចរាចរ ។

ការប្រកាស របស់តារារូបនេះ  បានធ្វើឡើងនៅក្នុងឱកាស ដែលរូបលោកចូល ជួបសម្តែងការ គួរសមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ។ ក្នុងជំនួប សម្តែងការគួរសមនេះ លោក ខេមរៈ សិរីមន្ត ក៏បានស្នើសុំយោបល់ មួយពាក់ព័ន្ធការ ប្រគំតន្ត្រី ដើម្បីផ្សព្វផ្សាយ ពីច្បាប់គ្រោះថ្នាក់ចរាចរ ផងដែរ ។

លោក ខេមរៈ សេរីមន្ត បានប្រាប់រដ្ឋមន្ត្រី ក្រសួងព័ត៌មានថា រូបលោក នឹងមិនយកប្រាក់ កម្រៃពីការប្រគំតន្ត្រីនោះ ទេ ព្រោះនេះជាការ ចូលរួមជួយសង្គម និងដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ដែលកំពុងមានការកើនឡើងនៅ ក្នុងសង្គមទាំងមូល ។

 តារារូបនេះ បានឲ្យដឹងថា នេះជាទឹកចិត្ត របស់លោកផ្ទាល់ ក្នុងចូលរួមលើកទឹកចិត្ត ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរ តាមដងផ្លូវ និង ពន្យល់ពួកគាត់ បន្ថែមឲ្យ ចូលរួមគោរពច្បាប់ចរា ចរណ៍ទាំងអស់គ្នា ។

តារាចម្រៀង ដែលកំពុងមាន ប្រជាប្រិយភាពខ្លាំង ក្នុងបទចង្វាក់ញាក់ « កាឡុក កាឡុក » លោក ខេមរៈ សេរីមន្ត បានបញ្ជាក់ថា លោកក៏ជាជនរងគ្រោះម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរ យ៉ាងរន្ធត់កាលពីឆ្នាំ ២០១៣ផងដែរ ។ ដូច្នេះ លោកពិតជាមានការរន្ធត់ និងបានដឹងច្បាស់ពី ភាពឈឺចាប់ នៅពេលមានសាច់ញាតិ របស់ខ្លួន បានជួបរឿង អាក្រក់នេះ ។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ការលះបង់ របស់លោក ខេមរៈ សេរីមន្ត ពិតជាទង្វើដ៏គំរូ និងជាការ ចូលរួមជួយសង្គម យ៉ាងមានឥទ្ធិពល ដោយលោក បានលើកឡើងថា ការនិយាយស្តី និងផ្ញើសារ របស់តារារូបនេះ ពិតជាមានតម្លៃ ដល់មហាជន ។ ជាចុងក្រោយនោះ លោកបានមាន ប្រសាសន៍ថា លោក ខេមរៈ សេរីមន្ត ជាវីរយុវជន ដែលសិល្បករនានា គួរតែ យកតម្រាប់តាម តារារូបនេះ នូវទង្វើដ៏ប្រពៃរបស់លោក។

សូមបញ្ជាក់ផងដែរថា ក្រៅពីការគាំទ្រការប្រគំតន្រ្តី «តារាបៃតង» ដើម្បីផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ ហើយនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានឧបត្ថម្ភថវិកា មួយចំនួន សម្រាប់ការប្រគំតន្រ្តីនេះ ផងដែរ ៕

 

ដកស្រង់ពី៖ដើមអម្ពិល