Social Network

កម្ពុជាកំពុងរកមូលដ្ឋានវាយតម្លៃ និងរៀបផែនទី ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ជាក់បានកំពុងស្វែងរកមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ។

ការបញ្ជាក់នេះ ខណៈសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រខាងកើត ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់ស្តេចបានលើកឡើងថានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ។

ក្នុងជំនួបនោះ លោកជំទាវ Adaljiza Albertina Xavier Reis Magno បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់កម្ពុជា ឈរលើបញ្ហាទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជាវ៉ាក់សាំងកូវីដ១៩ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រ ការពារទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រទេសទីម័រខាងកើត ។

ជាមួយគ្នានោះដែរ លោកជំទាវក៏បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចតេជោ ដែលនាំអោយកម្ពុជាទទួលបានសុខសន្តិភាពសេរីភាព និងអភិវឌ្ឍជឿនលឿន ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានគោរពស្នើសុំសម្តេចតេជោ បញ្ជូនអ្នកបច្ចេកទេសមកសិក្សាអំពីកម្ពុជាពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការ WTO, ការចូលខ្លួនទៅក្នុងសមាជិកសហគមន៍អាស៊ាន

និងបានគោរពស្នើសុំសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រឡេស្ត ដើម្បីបានចូលជាសមាជិកអាស៊ាន ហើយក៏បានគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោដែរ ដើម្បីធ្វើការជំរុញកិច្ចសហប្រតិបត្តិការនៃវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រខាងកើតជូនចំពោះសម្តេច ។

សម្ដេចតេជោ បានកោតសរសើរចំពោះភាពជោគជ័យរបស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធភាព ។ ចំពោះសំណើរបស់ទីម័រខាងកើតសុំចូលជាសមាជិកអាស៊ាន សម្តេចតេជោ បានបញ្ជាក់ថា ៖

«សម្រាប់កម្ពុជាតែងតែគាំទ្រការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត ហើយចំពោះមុខនេះ សម្ដេចតេជោ ក៏មានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រខាងកើតអោយបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន » ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្ដេចតេជោបានស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការ WTO ចូលជាសមាជិកអាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ

នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយ ។

សម្ដេចតេជោ ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើតពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការចាប់ផ្តើមលើវិស័យសេដ្ឋកិច្ចក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា

ហើយករណីការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្តេចតេជោក៏មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើតអាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវទាំងខាងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិជាពិសេសពិនិត្យឲ្យមានកិច្ចសន្យា និងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសូមផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ហើយក៏បានជូនសូមឲ្យដំណើរការរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ទីម័រខាងកើត នៅថ្ងៃទី១៩ ខែមិនាឆ្នាំ ២០២២ ខាងមុខនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕

ដកស្រង់ពី៖ កោះសន្តិភាព