Social Network

ADB ផ្តល់ជំនួយជិត៧លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួន២ មានតម្លៃសរុប៦.៨លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ

ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវ នៅកម្ពុជា ដែលរងផលប៉ះពាល់ ដោយសារការរាតត្បាត នៃជំងឺកូវីដ១៩។យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB នាពេលថ្មីៗនេះ បានបញ្ជាក់ថា់

កញ្ចប់ជំនួយទីមួយមានតម្លៃ ៣.៧លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន៤,០០០នាក់ តាមរយៈគម្រោងស្តារ សហគមន៍ទេសចរណ៍ សម្រាប់ការងើបឡើងវិញ ពីកូវីដ១៩

ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទ បេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ ប្រមាណ៣លានដុល្លារ នៃជំនួយនេះ ត្រូវបានផ្តល់ដោយមូលនិធិជប៉ុន សម្រាប់ ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific)។

លើសពីនេះទៀត កញ្ចប់ជំនួយមួយទៀត មានតម្លៃ៣.៩លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន ២២,០០០នាក់។

វាជាការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុ នៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។

ប្រមាណ៣.៨លានដុល្លារ នៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកល មានគោលបំណង កាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភ នៅក្នុងប្រទេសដែលមានចំណូលទាប។

លោក Anthony Gill នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «កញ្ចប់ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។

កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុ តាមរយៈការដោះស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩»។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។

បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រង ដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕

ដកស្រង់ពី៖ ដើមអម្ពិល