Social Network

កម្ពុជាទទួលបាន ជំនួយពីចិនបន្ថែមទៀត សម្រាប់ពង្រឹង សមត្ថភាពយោធា

ភ្នំពេញ៖ កម្ពុជា នៅថ្ងៃនេះ បានទទួលឧបករណ៍ សម្ភារៈបរិក្ខាយោធាន មួយចំនួនធំ ពីរដ្ឋាភិបាលចិន សម្រាប់ បណ្តុះបណ្តាល មន្រ្តីយោធាកម្ពុជា ដែលកំពុងសិក្សា នៅវិទ្យាស្ថាន ជើងគោកកម្ពុជា ។

ជំនួយឧបករណ៍ សម្ភារៈ និង បរិក្ខាយោធា របស់ចិននេះ រំពឹងថា នឹងជួយពង្រឹង សមត្ថភាព មន្រ្តីយោធាកម្ពុជា ឲ្យបានកាន់តែប្រសើរ ថែមទៀត ដើម្បីបម្រើប្រយោជន៍ ជូនជាតិ និងការពារ បូរណភាពទឹកដី ។

ពិធីចុះហត្ថ លេខាប្រគល់ និងទទួលសម្ភារៈយោធា ជាជំនួយរបស់ចិន ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៥នេះ ត្រូវបានប្រព្រឹត្ត ទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារ ជាតិកម្ពុជា លោក ទៀ បាញ់ និងលោកស្រី ពូ ជៀនគ័រ ឯកអគ្គរដ្ឋ ទូតចិនប្រចាំ នៅកម្ពុជា និងមានការអញ្ចើញចូលរួមពី អនុព័ន្ធយោធាសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជាផងដែរ ។

នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក សម្ភារៈបច្ចេកទេស បានឲ្យដឹងថា ឧបករណ៍សម្ភារៈ មធ្យោបាយ ដែល ក្រសួងការពារ ជាតិកម្ពុជា ទទួលបាននៅថ្ងៃនេះ រួមមាន ៖ រថយន្តគ្រប់ប្រភេទ Elevateur (3T) គ្រឿងបន្លាស់រថ យន្ត សម្ភារៈគីមីសាស្រ្ត រោងជាង ព្រមទាំងគ្រឿង បំពាក់សម្ភារៈ បរិក្ខាមួយចំនួនទៀត ប្រើសម្រាប់បម្រើការងារ ហ្វឹកហ្វឺនដល់ កងយោធពលខេមរភូមិន្ទ ។

លោកស្រី ពូ ជៀនគ័រ បានថ្លែង នៅក្នុងឱកាសនោះថា កិច្ចសហប្រតិបត្តិ ការកម្ពុជា-ចិន នាពេលនេះ កាន់តែមាន ប្រសិទ្ធ ភាពស៊ីជម្រៅជាងមុន ។ ប្រជាជន កងទ័ព រដ្ឋាភិបាលចិន តែងតែចាត់ ទុកកម្ពុជា ជាមិត្តដ៏សំខាន់បំផុត ដែលមានអត្ថន័យ ជាប្រវត្តិសាស្រ្ត យូរអង្វែង ព្រមទាំងមានមូលដ្ឋាន ដ៏រឹងមាំប្រកប ដោយការជឿទុកចិត្ត និងគាំទ្រ គ្នាទៅវិញ ទៅមកលើគ្រប់វិស័យ និងគ្រប់វេទិកា អន្តរជាតិតំបន់ និង អនុតំបន់ ។

លោកស្រី បន្តថា ជានិច្ចកាល ប្រជាជន និង រដ្ឋាភិបាលចិន តែងតែជួយដល់កម្ពុជា តាមរយៈការផ្តល់ ជំនួយឥត សំណង និងកម្ចីសម្បទាន សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានា ជាច្រើនទៅ តាមសំណូមពរ និង សេចក្តីត្រូវការ ចាំបាច់ របស់កម្ពុជា ព្រមទាំងជំរុញ លើកទឹកចិត្ត វិនិយោគិន ជនជាតិចិន ឲ្យមកបណ្តាក់ ទុនវិនិយោគ ដែលស្ថិតក្នុង លំដាប់ទីមួយ ថែមទៀតផង ។

លោកជំទាវ ពូ ជៀនគ័រ បានគូសបញ្ជាក់ ផងដែរថា កាលពីឆ្នាំកន្លង ទៅរដ្ឋាភិបាលចិន បានផ្តល់ជំនួយ ផ្នែកយោធា យ៉ាងច្រើនមកកម្ពុជា ហើយជំនួយឆ្នាំនេះ គឺផ្តោតសំខាន់ លើកាបណ្តុះបណ្តាល ធនធានមនុស្ស នៅក្នុងវិទ្យាស្ថាន កងទ័ពជើងគោក ។ លោកជំទាវ រំពឹងថា ជំនួយនេះ នឹងជួយពង្រឹង សមត្ថភាពមន្រ្តី ការពារជាតិកម្ពុជា បានកាន់តែ រឹងមាំ និងល្អប្រសើរថែមទៀត ។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍ គូសបញ្ជាក់ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព រវាងប្រជាជនកម្ពុជា -ចិន កាន់តែស្អិត រមួត ហើយកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ ក៏កាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត ដែលនាំមកនូវផល ប្រយោជន៍ ទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម នៃប្រទេសទាំងពីរ ។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បន្តថា សមិទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញ ពីជំហរឥតងាករេ របស់រាជរដ្ឋាភិបាល កម្ពុជា នូវនយោបាយ ការបរទេស អព្យាក្រឹត្យ សន្តិសហវិជ្ជមាន មិនចូលបក្សសម្ព័ន្ធ កសាង ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ជាមួយគ្រប់ប្រទេស ដោយឈរលើគោល ការណ៍សមភាព គោរពឯករាជ្យ អធិបតេយ្យ បូរណ ភាពទឹកដីគ្នា ទៅវិញទៅមក និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងគ្នា ។

ប្រមុខការពារជាតិកម្ពុជា បានមានប្រសាសន៍ សង្កត់ធ្ងន់ថា ការទទួលជំនួយ សម្ភារៈពិសេសរបស់ ក្រសួងការពារ ប្រទេសចិនថ្ងៃនេះ គឺជាសមិទ្ធ ផលប្រវត្តិសាស្រ្ត ថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធ ផលជាច្រើន ដែលរដ្ឋាភិ បាលចិន បានជួយដល់ ក្រសួងការពារជាតិកម្ពុជា ហើយសម្ភារៈនេះ កងយោធពោល ខេមរភូមិន្ទ នឹងប្រើប្រាស់ សម្រាប់បម្រើឲ្យ ការងារហ្វឹកហ្វឺន ដើម្បីពង្រឹង បន្ថែមលើការងារ យោធា ៕

 

ដកស្រងពី៖ដើមអម្ពិល