Social Network

លោកជាម យៀប ៖ ក្រសួង ១០ មានអាទិភាព ក្នុងកាចំណាយ ថវិកាជាតិ ឆ្នាំ២០១៦

ភ្នំពេញ៖ ប្រធាន គណៈកម្មការទី២ នៃរដ្ឋសភា (គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) លោក ជាម យៀប បានថ្លែងឲ្យដឹងថា សម្រាប់ការ ចំណាយថវិកាជាតិ នៅក្នុងឆ្នាំ២០១៦ ខាងមុខនេះ មានក្រសួង ១០កំពុង ស្ថិតនៅក្នុង អាទិភាព លើការចំណាយនេះ ។

លោក ជាម យៀប បានមានប្រសាសន៍ ប្រាប់ក្រុម អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំ ពិនិត្យ ពិភាក្សាលើសេចក្តី ព្រាងច្បាប់ ទូទាត់ថវិកា របស់សភា សម្រាប់គ្រប់គ្រង ថវិកាឆ្នាំ២០១៣ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ នាវិមានរដ្ឋសភាថា “ ខ្ញុំសូមជំរាបថា មានក្រសួង ១០ដែល ជាក្រសួង មានអាទិភាព ។ យើងចង់ធ្វើយ៉ាងណា ឲ្យមានកំណែ ទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល រៀបចំឲ្យក្រសួង មានអាទិភាព ក្នុងការចំណាយ ឲ្យស្របតាមអ្វី ដែលជាផែនការ របស់រាជរដ្ឋាភិបាល ហើយដើម្បី បម្រើប្រជាជន ទៅតាមតម្រូវការ របស់ប្រជាជន តាមមូលដ្ឋាន ក្នុងពេលបច្ចុប្បន្ននេះ ” ។

លោកប្រធាន គណៈកម្មការទី២ នៃរដ្ឋសភាបានបន្តថា ក្រសួងដែលមាន អាទិភាពនោះ រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល , ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកិច្ចការនារី, ក្រសួងរៀបចំដែនដី នគ រូបនីយកម្ម និងសំណង់, និងបណ្ដាក្រសួងសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល ចាត់ទុក ថាជាក្រសួងសំខាន់ ក្នុងការគ្រប់គ្រង ជីវភាពរស់នៅ របស់សង្គម ក៏ដូចជាអ្វីផ្សេងទៀត ដែលជាផែនការយុទ្ធសាស្រ្ត ចតុកោណជំហានទី៣ ត្រូវការចំបាច់ ។

លោកក៏បាន បន្ថែមផងដែរថា កញ្ចប់ថវិកាសម្រាប់ ចំណាយក្នុងឆ្នាំ ២០១៦ នៅមិនទាន់មានទេ ដោយគ្រាន់តែ មានមូលដ្ឋាន មួយចំនួន សម្រាប់រៀបចំ ធ្វើផែនការ ចំណាយនៅឆ្នាំ ២០១៦ តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ការចំណាយថវិកាជាតិ នៅឆ្នាំ ២០១៥នេះ មានចំនួន  ៣,៨ ពាន់លានដុល្លារ ។ ក្នុងនោះក្រសួងកសិកម្ម ទទួលបានថវិកា  ១២៦លានដុល្លារ លើការចំណាយ រដ្ឋបាលកណ្តាល មន្ទីរជំនាញ រាជធានីខេត្ត និងការវិនិយោគ សាធារណៈ ដោយហរិញ្ញប្បទាន ក្រៅប្រទេស ៕

 

ដកស្រង់ពី៖ដើមអម្ពិល