Social Network

រដ្ឋ​ធ្វើការ​ផ្លាស់​ថ្ងៃ​កំណត់​ថ្លៃ​ប្រេងឥន្ធនៈ​ពី​១៥​ថ្ងៃ​មក​ត្រឹម​រយៈពេល​១០​ថ្ងៃ​វិញ​ម្តង ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន​តម្លៃ​ឡើង​ចុះ​

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃប្រេង ឥន្ធនៈឲ្យទាន់នៃការឡើងចុះនោះ នៅពេលខាងមុខឆាប់ៗនេះក្រសួងនឹងផ្លាស់ប្តូរសេចក្តីជូនដំណឹងស្តីពីការកំណត់ថ្លៃ លក់រាយប្រេងពីរយៈពេល ១៥ថ្ងៃ មកត្រឹម ១០ថ្ងៃវិញម្តង។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះនៅក្នុងសន្នីសីទសារព័តមានក្រោយពិធីបើក សិក្ខាសាលាស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ផលបច្ច័យ បញ្ហាប្រឈមនិងកំណើនសេដ្ឋកិច្ចនា ពេលអនាគត សម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនៅរាជធានី ភ្នំពេញ។

លោករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈ មានការប្រែប្រួលឡើងចុះលឿនណាស់ ជាពិសេសខណៈ បញ្ហាជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ីនិងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីទៅកន្លែងផ្សេងៗបានជះឥទ្ធិពលខ្លះដែរទៅដល់ការប្រែប្រួល តម្លៃប្រេងឥន្ធនៈ។

លោកបានឲ្យដឹងទៀតថា “យើងបានប្រជុំជាមួយអន្តរក្រសួងដែលពាក់ព័ន្ធ និងវិស័យឯកជនដែលជាអ្នកចែកចាយប្រេងឥន្ធនៈ ដោយបានឯកភាពគ្នា

និងគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាលដែលពីមុនមកដាក់១៥ថ្ងៃ អំពីតម្លៃប្រេងជូនប្រជាពលរដ្ឋ ជាពិសេសអ្នកចែកចាយកុំឲ្យលក់លើសពីតម្លៃដែលកំណត់ តែមកដល់ពេលនេះលោកកំពុងស្នើរសុំចុះហត្ថលេខាលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយនូវព័តមាន ១០ថ្ងៃជំនួសវិញ ដើម្បីឲ្យមានការផ្លាស់ប្តូរឆាប់

ពីព្រោះថាតម្លៃឡើងលឿនណាស់ក្នុងមួយថ្ងៃៗ ហើយនេះជាវិធានការបឋមបំផុតដើម្បីជូននូវការឈ្នះៗដល់អតិថិជន ក៏ដូចជាវិស័យឯកជន ដែលយើងមិនទាន់ថាឡើងថ្លៃ ប៉ុន្តែយើងអាចនឹងឡើងថ្លៃនៅថ្ងៃក្រោយ”។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅប្រេងឆៅក្នុងមួយប៉ារ៉ែលថ្លៃ ១៣១ដុល្លារ សប្តាហ៍បន្ទាប់ថ្លៃ ១៤៥ដុល្លារ ហើយអាចបន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។

លោកបន្តថា “ក្នុងករណីនេះបើយើងសង្កេតឃើញថា យើងអ្នកទិញប្រេងហើយចម្រាញ់រួច ញ្ចឹងហើយដើម្បីធានាឲ្យមានតុល្យភាពរវាងអ្នកផ្គត់ផ្គង់

និងអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលត្រូវគិតគូរទាំងសងខាង មិនអាចច្របាច់ឲ្យវិស័យឯកជនស្លាប់ទេព្រោះនេះជាទីផ្សារសេរី អញ្ចឹងហើយយើងត្រូវជួយទាំងសងខាង ព្រោះអ្នកលក់ក៏ប្រើប្រាស់ដែរ អញ្ចឹងជាគោលការណ៍គឺធានាឲ្យមានប្រេងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដល់សាធារណជន និងវិស័យសេដ្ឋកិច្ច”។

លោកបន្ថែមថា គោលការណ៍ទី២ ភ្នាក់ងារត្រូវមានតម្លៃសមស្របដើម្បីបងប្អូនមានលទ្ធភាពទិញ ប្រសិនបើយើងច្របាច់វិស័យឯកជនខ្លាំងពេក នឹងអត់ប្រេង បើគាត់អត់លក់ នឹងមិនមានប្រេងសម្រាប់ប្រើប្រាស់ទេ អញ្ចឹងហើយរដ្ឋាភិបាលត្រូវប្រកាន់ជំហយ៉ាងយកចិត្តទុកដាក់ទៅលើការថ្លឹងថ្លែងដូចលោករដ្ឋមន្ត្រីលើកឡើងខាងលើថា យើងត្រូវប្រឹងប្រែងទាំងសងខាងស្ថិតក្នុងស្ថានភាពឈ្នះ ឈ្នះ។

សូមបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបានកើនឡើងបន្តបន្ទាប់រហូតថ្លៃ ៤ ៨០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងថ្លៃ ៤ ៥០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ដោយឡែក ប្រេងសាំងស៊ុបពែរថ្លៃ ៥ ៣៥០រៀល ក្នុងមួយលីត្រ៕

ដកស្រង់ពី៖ រស្មីកម្ពុជា