Social Network

ទូត​អា​មេ​រិ​ក​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​ពង្រឹង​វិស័យ​សុខា ភិបាល និង​ពិនិត្យ​​ថែ​ទាំ​សុខ​ភាព​បឋម​នៅ​កម្ពុជា​

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានប្រកាសគោលជំហររបស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រពង្រឹងវិសយសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពសហប្រតិបត្តិការក្នុងផែនការជម្រុញការថែទាំសុខភាពបឋម នៅក្នុងប្រទេសកម្ពុជា ។

ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកធ្វើឡើង ក្នុងជំនួបពិភាក្សាជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃរសៀល ថ្ងៃទី២៨ មីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។

យោងតាមបណ្តាញសង្គម របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងជំនួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំរបស់ក្រសួងសុខាភិបាលក្នុងការពង្រឹង ប្រព័ន្ធសុខាភិបាល ការលើកកម្ពស់គុណភាពសុខាភិបាល ជាពិសេសការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមបានបញ្ជាក់គោលជំហររបស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រពង្រឹងវិសយសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពសហប្រតិបត្តិការក្នុងផែនការជម្រុញការថែទាំសុខភាពបឋម (Primary Healthcare Booster) ដោយផ្តោតលើតម្រូវការរបស់សហគមន៍ដែលទើបនឹងផ្តួចផ្តើមអនុវត្តថ្មីៗនេះ។

ចំណែកលោកជំទាវវេជ្ជបណ្ឌិតឱ វ៉ាន់ឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក តាមរយៈអង្គការ USAID និងUS-CDC ដែលជានិច្ចកាលតែងតែសហការគាំទ្រក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីលើកម្ពស់សុខភាពរបស់ប្រជាជនឈានទៅកាន់គ្របដណ្តប់សុខភាពជាសកលដោយមិនទុកចោលប្រជាជនណាម្នាក់ឡើយ ។

លោកជំទាវ រដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាំបាច់ និងសំខាន់ៗ ដែលត្រូវបានអនុវត្តនាពេលកន្លងមករហូតឈានទៅគ្រប់គ្រងការរាតត្បាត និងការបើកប្រទេសឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី ។

លទ្ធផលសម្រេចដ៏ជាទីមោទនៈនេះបានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងផែនការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ-១៩ តាមយុទ្ធសាស្ត្រផ្ការីក ។

ជាមួយគ្នានេះ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson ចំនួនជាង ១លានដូស នាពេលកន្លងមក និង Pfizer ចំនួនជាង ២លានដូស ដែលនឹងត្រូវមកដល់នា ពេលខាងមុខតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ។

លោកជំទាវបានជម្រាបជូនគណៈប្រតិភូថា ថ្មីៗនេះក្រសួងសុខាភិបាលបានដាក់ ចេញនូវផែនការជម្រុញការថែទាំសុខភាពបឋម (Primary Healthcare Booster) ដោយផ្តោតលើ

តម្រូវការរបស់សហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីប្រជាជនជាមួយនឹងការគាំទ្រពីដៃគូអភិវឌ្ឍន៍៕

ដកស្រង់ពី៖ កោះសន្តិភាព