រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន ។
កិច្ចប្រជុំកំពូលលើកទី៤ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងចែករំលែកទស្សនទានការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្តជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាពឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្
ន និងដោយចីរភាពដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានប្រសើរឡើងវិញក្នុងតំបន់អាស៊ី-បាស៊ីហ្វិក ។
កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព ៕
ដកស្រង់ពី៖ កោះសន្តិភាព