Social Network

សម្តេចតេជោ គ្រោងដកចេញការពាក់ម៉ាសតាម ទីសាធារណៈ តែតម្រូវឲ្យពាក់ម៉ាស់នៅកន្លែងបិទជិត

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បានកំពុងសិក្សាការដកចេញនូវវិធានការពាក់ម៉ាស់ តាមទីសារធាណៈតែតម្រូវឲ្យពាក់ម៉ាស់នៅកន្លែងបិទជិត ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យមន្រ្តីជំនាញពាក់ព័ន្ធដូចជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលជួបប្រជុំ និងពិភាក្សាគ្នា ដើម្បីដកចេញ វិធានការកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ប៉ុន្ដែតម្រូវឲ្យពា ក់ម៉ាសនៅកន្លែងបិទជិតផងដែរ ។

ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ជាង១លានដូសជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្លាំងគ្រប់ផ្នៃកធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋខ្មែរទៅចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នាព្រោះជាកាតព្វកិច្ច ខណៈនៅសល់ពលរដ្ឋជាង៦លាននាក់ទៀតមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ ហើយក៏មានពលរដ្ឋជាង១លាននាក់បានចាក់ដូសទី៤ ។

សម្ដេចតេជោ រំលឹកថា នាពេលកន្លងទៅរាជរដ្ឋាភិបាល បានដកចេញវិធានការពាក់ម៉ាសនៅខេត្តចំនួន៤ ។ សម្ដេចតេជោ បន្ថែមថា ការពាក់ម៉ាសតម្រូវឲ្យប្រជាពលរដ្ឋចំណាយយ៉ាងធំ ។

ក្នុងមួយថ្ងៃ នៅទូទាំងប្រទេស សរុបជារួមចំណាយ១ម៉ឺនដុល្លារសម្រាប់ទិញម៉ាស ខណៈមួយខែចំណាយ៣លានដុល្លារ ។

សម្ដេចតេជោ មានប្រសាសបញ្ជាក់ថា «ឥឡូវខ្ញុំបានណែនាំឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំ ហើយខ្ញុំ ក៏បាននិយាយមុននេះបន្ដិចជាមួយឯកឧត្តម ម៉ម ប៊ុនហេង យប់មិញក៏បាននិយាយជាមួយលោកជំទាវ

យក់ សម្បត្តិខ្ញុំចង់ឲ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ ក៏ប៉ុន្ដែតម្រូវឲ្យពាក់ម៉ាសនៅតាមទីកន្លែងដូចជា កន្លែងបិទជិតជាដើម» ។

ជាមួយគ្នានោះដែរ សម្ដេចតេជោបន្ដថា ចំណុចទាំងនេះបានសង្កេតឃើញថា នាពេលពិធីបុណ្យចូលឆ្នាំកន្លងទៅមានប្រជាពលរដ្ឋយ៉ាងតិចណាស់ដែលបានពាក់ម៉ាសក្នុងពេលលេងកម្សាន្ដ ។

សម្ដេចតេជោក៏បានលើកឡើងថា នៅទីរួមខេត្តតាកែវ និងកំពង់ចាម មានការប្រគុំតន្ត្រីហើយក្នុងចំណោម១ពាន់នាក់ ប្រហែល២ ឬ ៣នាក់ប៉ុណ្ណោះ បានពាក់ម៉ាស ហើយពុំមានការរក្សាគន្លតនោះទេ ។

សម្ដេច ថា បញ្ហាទាំងនេះមិនត្រូវមើលបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលបញ្ហាសេដ្ឋកិច្ចសង្គមផងដែរ ។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកបច្ចេកទេសវិស័យសុខាភិបាល កុំមើលឃើញតែមួយជ្រុងនៃបញ្ហាសុខភាពត្រូវមើលឃើញវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាបញ្ហាចិត្តសាស្ដ្រជាដើម ។

សម្ដេចថា ប្រទេសមួយចំនួនបានដកចេញវិធានការពាក់ម៉ាស់ ។ សម្ដេចក៏រងចាំការប្រជុំនៅល្ងាចនេះដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នជាមួយឯកឧត្តម ម៉ម ប៊ុនហេង ។ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បញ្ជាក់បន្ថែមថា តាមគំនិតរបស់ សម្ដេច គឺឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិនពាក់ម៉ាស នៅតាមទីសារធាណៈ ។

ប៉ុន្ដែកន្លែងបិទជិត និងកន្លែងមានម៉ាស៊ីនត្រជាក់គប្បីតម្រូវឲ្យពាក់ម៉ាស់ ។

សម្ដេចការធ្វើបែបនេះ បានកាត់បន្ថយការចំណាយទៅលើគ្រួសារនីមួយៗផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព