Social Network

សម្ដេចតេជោ អរគុណខ្មែរឥស្លាម ចំពោះការចូលរួមថែរក្សាសុខសន្ដិភាព ជាមួយប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ។

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី១ ឧសភា សម្ដេចតេជោ បានអបអរសាទរ និងជូនពរជ័យ សាសនិកខ្មែរឥស្លាមកម្ពុជាទាំងក្នុងនិងក្រៅប្រទេស

រួមទាំងសាសនិកឥស្លាមនៅទូទាំងសាកលលោក ដែលបានបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៣ មូហាំម៉ាត់សករាជ

ត្រូវនឹងថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២២។សម្ដេចបញ្ជាក់ថា «ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក

និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជាដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក»។

សម្ដេចបន្ដថា ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំឲ្យទៅចូលរួមយុទ្ធនាក្នុងការចាក់វ៉ាក់សាំងដូសទី៣-៤ និងអាចទៅដូសទី៥ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដើម្បីគ្រួសារ និងជាតិឲ្យបានគ្រប់ៗគ្នា៕

ដកស្រង់ពី៖ ដើមអម្ពិល