Social Network

សម្តេចតេជោ ៖ សូមអ្នកគាំទ្រខ្ញុំ កុំធ្វើបាតុកម្មតបត គម្រោងបាតុកម្មប្រឆាំងពេលសម្តេចទៅអាមេរិក

រាជធានីភ្នំពេញ ៖ តាមគម្រោងអញ្ជើញទៅសហរដ្ឋអាមេរិក នៅពេលខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកដែលជាអ្នកគាំទ្រ សម្ដេចកុំធ្វើបាតុកម្មតបតទៅនឹងគម្រោងរបស់ក្រុមប្រឆាំងធ្វើបាតុកម្ម សម្ដេចនៅអាមេរិក ។

ការស្នើសុំរបស់សម្តេចតេជោនេះ ខណៈក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនៈកិច្ចរបស់សម្តេចនៅអាមេរិក តែសម្តេចអះអាងថា សម្ដេចមានអ្នកគាំទ្រច្រើនជាងអ្នកប្រឆាំង ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ ជាង១ពាន់នាក់ នាថ្ងៃទី៣ ខែឧសភានេះ នៅវិមានសន្តិភាពសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី១០ ឧសភា ខាងមុខនេះសម្ដេចនឹងចេញដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រជុំពិសេសអាស៊ាន-អាមេរិក ។

ជាមួយគ្នានោះដែរ សម្ដេចថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនៅអាមេរិកបានចេញវីដេអូរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្ដេចនៅអាមេរិក ហើយសម្ដេចនឹងទៅជួបពលរដ្ឋខ្មែរនៅទីនោះ ដើម្បីសួរសុខទុក្ខពួកគាត់ ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ថា៖ «ខ្ញុំ ក៏រង់ចាំមើលដែរថា តើអ្នកធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចខ្ញុំមានគ្នាប៉ុន្មាន?

ឯខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនដែលមកទទួលខ្ញុំធ្វើបាតុកម្មតបតជាមួយគេនោះទេ សូមអង្វកចំពោះបងប្អូន បងៗ ឬប្អូន ឬក្មួយ ឬចៅ ដែលមកទទួលខ្ញុំនោះមិនចាំបាច់ ឃើញគេធ្វើបាតុកម្មប្រឆាំងខ្ញុំហើយយើងទៅធ្វើបាតុកម្មតបតគេទេ គ្មានការចាំបាច់ ដើម្បីធ្វើរឿងបែបនេះឡើយ» ។

សម្ដេចបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាលកម្ពុជា មានមនុស្សគាំទ្រនៅក្រៅប្រទេសដែលជានិច្ចជាការមានទំហំធំជាងចំនួនអ្នកធ្វើបាតុកម្មប្រឆាំងសម្ដេចទៀត ។

សម្ដេចថា បន្តថា អ្នកធ្វើបាតុកម្មប្រឆាំងដំណើររបស់សម្ដេចនៅអាមេរិក គឺប្រឆាំង ទៅនឹងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកព្រោះថា សម្ដេចជាភ្ញៀវរបស់ ចូ បៃឌិន ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក ។

នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា នៅយប់ថ្ងៃទី២០ ឧសភា សម្ដេចនឹងចេញពីកម្ពុជាទៅប្រទេសស្វីស ហើយនៅល្ងាចថ្ងៃដដែលសម្ដេចនឹងជួបពលរដ្ឋខ្មែរនៅទីនោះ ដែលមកពីអឺរ៉ុបផងដែរ ។

សម្ដេចក៏បញ្ជាក់ទៀតថា «នេះជាការជូនដំណឹងរបស់ខ្ញុំ អ្នកចង់ធ្វើបាតុកម្មខ្ញុំរៀបចំបាតុកម្មពីចម្ងាយឲ្យហើយទៅ» ។

សូមជម្រាបថា កន្លងមកឲ្យតែសម្តេចតេជោ អញ្ជើញទៅសហរដ្ឋអាមេរិកគេសង្កេតឃើញមានក្រុមប្រឆាំងតែងតែធ្វើបាតុកម្មជានិច្ចប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះហើយមិនបានធ្វើឲ្យខនខាននូវទស្សនៈនោះទេ ។

ផ្ទុយទៅវិញគេក៏សង្កេតឃើញទស្សនៈនៅអាមេរិកមុនៗមានបងប្អូនប្រជាពលរដ្ឋដែលគោរពគាំទ្រសម្តេចបានអញ្ជើញមកទទួលសម្តេចយ៉ាងច្រើនផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព