Social Network

ទូត ៣ ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅស្តូបវិញ្ញាណក្ខន្ធអ្នកកាសែតបាត់បង់ជីវិត សម័យសង្គ្រាម

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាន ក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។

ពិធី ដែលរៀបចំដោយស្ថានទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ នៅស្តូបរម្លឹកវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាន ក្នុងសម័យសង្គ្រាម ដែលស្ថិតនៅលើសួនច្បារ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ឧសភានេះ

ធ្វើឡើង ដើម្បីរម្លឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានបាត់ខ្លួន ឬសម្លាប់ នៅក្នុងសម័យសង្គ្រាម នៅកម្ពុជា ហើយទាញការចាប់អារម្មណ៍លើសារៈសំខាន់នៃសេរីភាពសារព័ត៌មាន ដែលមានចែង ក្នុងសេចក្តីប្រកាសជាសាកល ឆ្នាំ១៩៤៨ ស្តីពីសិទ្ធិមនុស្ស។

នេះបើតាមសេចក្តីប្រកាសរួម។ សេចក្តីប្រកាស លើកឡើងថា ឯកអគ្គរដ្ឋទូត Murphy ឯកអគ្គរដ្ឋទូត Pellet និងឯកអគ្គរដ្ឋទូត Mikami បានទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃសេរីភាពសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យល្អមួយ។

ឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ការយកព័ត៌មានមិនមែនស្រួល ហើយក៏មិនមែនគ្មានហានិភ័យដែរ។

ថ្ងៃនេះ យើងរំលឹកដល់អ្នកសារព័ត៌មាននៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលខិតខំរាល់ថ្ងៃ ក្នុងការធ្វើការស៊ើបអង្កេត វិភាគ ចោទសួរ និងរាយការណ៍» ។

ចំណែកឯកអគ្គរដ្ឋទូត Pellet បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះ ដោយរំលឹកដល់អ្នកសារព័ត៌មាន ដែលបានបាត់បង់ជីវិត ក្នុងពេលចុះយកព័ត៌មានក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជា

នាទសវត្សរ៍ទី ៧០ និងក្នុងពេលដែលអ្នកសារព័ត៌មានត្រូវបានសម្លាប់ រងរបួស ត្រូវបានដៅមកលើ និងចាប់ជំរិត នៅប្រទេសអ៊ុយក្រែន យើងចង់រំលឹកថា បើគ្មានការការពារអ្នកសារព័ត៌មានទេ សេរីភាពសារព័ត៌មានក៏គ្មានដែរ» ។

ឯកអគ្គរដ្ឋទូត Mikami ថ្លែងថា ៖ «សេរីភាពសារព័ត៌មាន ជាមូលដ្ឋាននៃសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់» ។

សេចក្តីប្រកាសរួមបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសបារាំង មានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់គេ

ដែលចង់ឲ្យប្រទេសរបស់គេមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើនឡើង ដែលក្នុងនោះ រាល់សម្លេងទាំងអស់ ត្រូវបានគេស្តាប់ និងគោរព៕

ដកស្រង់ពី៖ កោះសន្តិភាព