ភ្នំពេញ៖លោក គឹម សន្តិភាព និង លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយលោក ស៊ុន ឆ័យ តំណាងគណបក្សភ្លើងទៀននៅទីស្តីការក្រសួងយុត្តិធម៌។ជំនួបនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងជំនួបនេះតំណាងគណបក្សភ្លើងទៀនបានស្នើសុំចំនួនពីរចំណុច ៖
១. ស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សភ្លើងទៀនដែល កំពុងស្ថិតក្នុងដំណើរនីតិវិធីតុលាការនិង២.
ស្នើសុំឱ្យមានការពន្យានីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។
ជាការឆ្លើយតបតំណាងក្រសួងក្រសួងយុត្តិធម៌បានបញ្ជាក់ជូនដោយផ្អែកលើទិដ្ឋភាពច្បាប់ចំនួនពីរចំណុចដូចខាងក្រោម៖
ទី១-ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ៖តំណាងក្រសួងយុត្តិធម៌បានបញ្ជាក់ថា
តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ហើយក្រសួងយុត្តិធម៌ដែលជាស្ថាប័ននីតិប្រតិបត្តិពុំមានសមត្ថកិច្ច
និងសិទ្ធអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។
តំណាងក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមថា មានតែការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់ តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ក្នុងការការពារខ្លួនដោយគួរពឹងពាក់មេធាវីក្នុងការជួយការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។
ទី២-ពាក់ព័ន្ធការស្នើសុំឱ្យមានការពន្យារនីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ- សង្កា ត់ ខាងមុខនេះ, ក្រសួងយុត្តិធម៌ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។
កន្លងមកក្រសួងយុត្តិធម៌ពុំដែលណែនាំឱ្យមានការពន្យារនីតិវិធីតុលាការនោះទេគឺមានតែផ្តល់គោលការណ៍ណែនាំឱ្យពន្លឿនដំណើរការនីតិវិធីសំណុំរឿងដោយផ្អែកទៅលើផ្លូវច្បាប់។
ដូចជាក្នុងយុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងជាដើមដើម្បីដោះស្រាយការកកស្ទះ សំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា តំណាងក្រសួងយុត្តិធម៌បានទទួលយកសំណើរបស់តំណាងគណបក្សភ្លើងទៀនដើម្បីពិនិត្យ
និងពិចារណាទៅតាមសមត្ថកិច្ចរបស់ក្រសួងដែលច្បាប់អនុញ្ញាតនិងបានស្នើទៅតំណាងគណបក្សភ្លើងទៀនឱ្យជួយធ្វើការ
ណែនាំទៅសកម្មជនរបស់ខ្លួនក្នុងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនប្រសិនបើមិនចង់ឱ្យមានការអនុវត្តច្បាប់៕
ដកស្រង់ពី៖ រស្មីកម្ពុជា