Social Network

គណបក្សនយោបាយ​នានា បានទទួល​ស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសរើ​ស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ថា​អាច​ទទួលយកបាន​

ភ្នំពេញៈ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានអះអាងថាៈ

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

មានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធ មានភាពចាស់ទុំ ខាងនយោបាយ ធ្វើឱ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយ បានកើតឡើងនោះទេ និងអាចទទួលយកបាន។

ក្នុងចំណោមគណបក្សនយោបាយទាំងនោះ គណបក្សខ្មែររួបរួមជាតិ បានអះអាងថាៈ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានដំណេីរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ។

នេះបេីយោងតាមសេចក្តីថ្លែងការណ៍របស់ គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។

គណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថាៈ ក្នុងពេលបោះឆ្នោត មានបរិយាកាសល្អ និងដំណេីរការទៅដោយរលូន គ្មានអំពេីហិង្សា ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលបោះឆ្នោត អាចទទួលយកបាន។

 

ដោយឡែក បើយោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៦ ខែមិថុនា នេះដែរ គណបក្សខ្មែរតែមួយ ដែលបានចូលរួមការប្រកួតប្រជែងការបោះឆ្នោតដែរនោះ បានសង្កេតឃើញថា

បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធការឃោសនារកសម្លេងឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ គឺមានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធ

មានភាពចាស់ទុំ ខាងនយោបាយ ធ្វើឱ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើ ហិង្សាណាមួយ បានកើតឡើងនោះទេ ហើយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ មានភាពល្អប្រសើរ ជាងអាណត្តិមុនៗ។

គណបក្សខ្មែរតែមួយ ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ ដែល

ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទទួលយកបាន។

គួរបញ្ជាក់ថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលទទួលបានពីគណៈកម្មការ រាជធានី ខេត្ត រៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុប ចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្ត្រី មានចំនួន ២៧.៨១៣ នាក

ត្រូវបានចុះបញ្ជី សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សនយោបាយទាំង ១៧ ដែលបានចុះឈ្មោះ ចូលរួមប្រកួតប្រជែង មានដូចជាៈ

១. គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះ បានចំនួន ១.៦៥២ / ១.៦៥២ ឃុំ សង្កាត់។

២. គណបក្សភ្លើងទៀន ដាក់បេក្ខជនឈរឈ្មោះ បានចំនួន ១.៦២៣/១.៦៥២ ឃុំសង្កាត់។

៣. គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះ បានចំនួន ៦៨០/១.៦៥២ ឃុំសង្កាត់។

៤. គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះ បានចំនួន ៥៩៦/១.៦៥២ ឃុំសង្កាត់។

៥. គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់បេក្ខជនឈរឈ្មោះ បានចំនួន ៣១៥/១.៦៥២ ឃុំ សង្កាត់។

៦. គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ២៤៥/១.៦៥២ ឃុំសង្កាត់។

៧. គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១១៤/១.៦៥២ ឃុំ សង្កាត់។

៨. គណបក្សកែទម្រង់កម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៥៩/១.៦៥២ ឃុំ សង្កាត់។

៩. គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៥៨/១.៦៥២ ឃុំ សង្កាត់។

១០. គណបក្សកម្ពុជានិយម ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣៨/១.៦៥២ ឃុំ សង្កាត់។

១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣២/១.៦៥២ ឃុំ សង្កាត់។

១២. គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣០/១.៦៥២ ឃុំ សង្កាត់។

១៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ២៣/១.៦៥២ ឃុំ សង្កាត់។

១៤. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១៩/១.៦៥២ ឃុំ សង្កាត់។

១៥. គណបក្សឯកភាពជាតិខ្មែរ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១៤/១.៦៥២ ឃុំ សង្កាត់។

១៦. គណបក្សរស្មីខេមរា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៦/១.៦៥២ ឃុំ សង្កាត់។

១៧. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៤/១.៦៥២ ឃុំ សង្កាត់៕

ដកស្រង់ពី៖ រស្មីកម្ពុជា