Social Network

លោកស្រី ឱ វណ្ណឌីន អំពាវនាវមន្ដ្រីជួរមុខ និងក្រុមគោលដៅអាទិភាព កុំភ្លេចទទួលយកការចាក់វ៉ាក់សាំងដូសទី៥ នៅថ្ងៃទី០៩ ខែមិថុនាខាងមុខ

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខ គឺជាវេលាកំណត់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ជូនដល់មន្ដ្រីជួរមុខ និងក្រុមគោលដៅអាទិភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងនូវកងការពារ សម្ដៅបង្កើនភាពស៉ាំសហគមន៍ បើទោះបីបច្ចុប្បន្ននេះកម្ពុជា មិនមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះក៏ដោយចុះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ

បានអំពាវនាវដល់មន្ដ្រីជួរមុខ និងក្រុមគោលដៅអាទិភាព កុំភ្លេចទៅទទួលយកវ៉ាក់សាំងកូវីដ១៩ ដូសទី៥ នៅតាមទីតាំងដែលបានកំណត់។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវទៅទទួលយកការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា។

ដោយឡែក អ្នកដែលបានចាក់វ៉ាក់សាំងដែលមានគម្លាតចាប់ពី៣ខែឡើងទៅនោះ ក៏ត្រូវទៅចាក់ដូសជំរុញជាបន្ដបន្ទាប់ដូចគ្នាផងដែរ៕

 

ដកស្រង់ពី៖ Fresh News