Social Network

អ្នកវិភាគចៅចាក់ស្មុក៖ គណបក្សភ្លើងទៀន គួរកុំព្យាយាមប្រើប្រាស់ល្បិចកលទុច្ចរិតដូចឆ្នាំ២០១៣ និងគួរទទួលស្គាល់បរាជ័យដ៏អាម៉ាស់ភ្លូកទឹកភ្លូកដីរបស់ខ្លួន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ៥ មិថុនា

(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានបិទបញ្ចប់ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគៀបសង្កត់ណាមួយឡើយ។

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៧៧,៩១% បានអញ្ជើញទៅបោះឆ្នោត ដោយក្តីសប្បាយរីករាយ និងបានធ្វើការសម្រេចចិត្តក្នុងបន្ទប់សម្ងាត់ដើម្បីជ្រើសរើសគណបក្ស និងបេក្ខជនដែលខ្លួនស្រឡាញ់ពេញចិត្ត និង ជឿជាក់សម្រាប់ការដឹកនាំ គ្រប់គ្រង ផ្តល់សេវានិងបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន។

លទ្ធផលបឋម បង្ហាញថាគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់នៅទាំង ២៥ ខេត្តរាជធានីនៃប្រទេសកម្ពុជា។

ចំណែកអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក៏បានអះអាងថាដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មានភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ និងប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ គ្មានការគំរាមកំហែង និងអំពើហិង្សាណាមួយឡើយ។

គណបក្សមួយចំនួនដូចជាគណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សរួបរួមជាតិ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ថា ការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែងទេ។

ប៉ុន្តែសម្រាប់គណបក្សភ្លើងទៀន ដែលមានទណ្ឌិត សម រង្ស៊ី នៅបញ្ជាពីក្រោយថ្នាក់ដឹកនាំបក្សនេះរួមមាន ទាវ វណ្ណុល, ស៊ុន ឆ័យ និង ថាច់ សេដ្ឋា និងអង្គការសង្គមស៊ីវិលអព្យាក្រឹត្យបែបលម្អៀងមួយចំនួនដូចជា អង្គការលីកាដូ

និងអង្គការអាដហុក អង្គការខុមហ្វ្រែល បាននិងកំពុងតែព្យាយាមឡាំប៉ា ប្រើប្រាស់ល្បិចកលទុច្ចរិតនានាដើម្បីបំភ្លៃនិងបំភ័ន្តសាធារណមតិថាដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មិនសេរី មិនយុត្តិធម៌ និងមិនត្រឹមត្រូវ និងខិតខំបំភ្លៃថាមានការគំរាមកំហែង មានការទិញទឹកចិត្ត និងការគៀបសង្កត់នានា។

នេះគឺជាល្បិចដដែលៗរបស់ក្រុមប្រឆាំង ដែលគេចវេសពីបរាជ័យដ៏អាម៉ាស់របស់ខ្លួន ដែលប្រជាពលរដ្ឋភាគច្រើនមិនគាំទ្រចំពោះការឃោសនាភូត កុហកបោកប្រាស់របស់ពួកគេ និងការធ្វើនយោបាយប្រឆាំងនឹងកម្ពុជា បំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋ។

ដើម្បី ចិញ្ចឹមមហិច្ឆតាអំណាចរបស់ពួកគេ ក្រុមប្រឆាំងខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមទំនាស់ និងបន្តធ្វើនយោបាយបញ្ច្រាស់ឆន្ទៈប្រជាពលរដ្ឋ និងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីចិញ្ចឹមកំហឹងក្នុងចំណោមអ្នកគាំទ្ររបស់ខ្លួនគោលបំណងដើម្បី ទាញចំណេញនយោបាយទៅមុខទៀត។

កាលដែលគណបក្សភ្លើងទៀនព្យាយាមក្នុងការបំភ្លៃការពិតលើដំណើរការបោះឆ្នោតថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នេះមានហេតុផលច្រើនយ៉ាង ដែលក្នុងនោះរួមមាន៖ ១៖ លាក់បាំងភាពអាម៉ាស់នៃបរាជ័យរបស់ក្រុមប្រឆាំង៖ ជាល្បិចកលដដែលៗដែលក្រុមប្រឆាំងជ្រុលនិយម មិនហ៊ានទទួលស្គាល់ពីភាពអាម៉ាស់នៃការចាញ់ឆ្នោតរបស់ខ្លួន។

ពួកគេស្ថិតក្នុងអន្លង់នៃនយោបាយបោកប្រាស់ខ្លួន ឯង និងឈ្លោះនឹងខ្លួនឯង ដោយមិនទទួលស្គាល់ពីការពិតជាក់ស្តែងដែលកំពុងកើតមាននៅកម្ពុជា នោះគឺប្រជាពល រដ្ឋខ្មែរលែងជឿការញុះញង់

និងការប្រើប្រាស់វោហាសាស្ត្របោកប្រាស់ ស្អប់ខ្ពើមជាតិសាសន៍ និងបញ្ឆេះកំហឹងវណ្ណៈ របស់ក្រុមប្រឆាំងទៀតហើយ។

បងប្អូនប្រជាពលរដ្ឋបានយល់ដឹងច្បាស់ណាស់រវាងការធ្វើជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជា និងអំណួតគ្មាន ព្រំដែនរបស់ក្រុមប្រឆាំង។

ដូច្នេះការមួលបង្កាច់ថា ការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការលួចបន្លំ សន្លឹកឆ្នោត វាគ្រាន់តែជាល្បិចចាស់គំរិល និងគ្មានប្រសិទ្ធភាព។

ម្យ៉ាងទៀតកាលដែលគណបក្សភ្លើងទៀន លើកឡើងថា ការបោះឆ្នោតមិនសេរី យុត្តិធម៌ និងត្រឹមត្រូវ គឺជាការប្រមាថ និងមិនមានជំនឿទុកចិត្តលើទីភ្នាក់ងារគណបក្សរបស់ខ្លួនរួមនឹងអ្នកសង្កេតការណ៍បោះឆ្នោត ដែលមានប្រភពមកពីអង្គការមួយចំនួនដែលគាំទ្រខ្លួនផងដែរ។

ល្បិចនេះគួរតែក្រុមប្រឆាំងបោះចោលទៅព្រោះគេដឹងច្បាស់ពីគោលបំណងរួចហើយគឺ មិនទទួលស្គាល់ភាពអាម៉ាស់របស់ខ្លួន។ ២៖ ព្យាយាមប្រើប្រាស់បដិវត្តន៍ពណ៌ដើម្បីឡើងកាន់អំណាចដូចឆ្នាំ២០១៣ ?

ការបោះឆ្នោតគឺជាឱកាសមាសសម្រាប់ក្រុម ទុច្ចរិតក្នុងការបង្កើតឱកាសដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងឈានទៅការបះបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ និងប្រើប្រាស់អំណាចប្រជាពលរដ្ឋដើម្បីឡើងកាន់អំណាច។

ក្រុមប្រឆាំងដែលជ្រកក្រោមឆ័ត្រនៃគណបក្សភ្លើងទៀន គឺជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាំងនយោបាយ និងប្រតិបត្តិករបដិវត្តន៍ពណ៌នៅ ឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ហើយមេដឹកនាំ នៃគណបក្សនេះក៏ធ្លាប់ជាប់បំរាមធ្វើនយោបាយដោយសារតែពាក់ព័ន្ធ នឹងផែនការក្បត់ជាតិនេះដែរ។

មេដឹកនាំស្រមោលរបស់គណបក្សភ្លើងទៀន គឺទណ្ឌិត សម រង្ស៊ី មូរ សុខហួរ ហូរ វ៉ាន់ និង អេង ឆៃអ៊ាង ជាដើមគឺជាមេគំនិតរដ្ឋប្រហាររហូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយគំនិតទុច្ចរិតរបស់ពួកគេក៏បន្ត អនុវត្តដោយជ្រកក្រោមរូបភាពផ្សេងៗ។

តើអ្វីដែលពួកគេព្យាយាមក្នុងការបំភ្លៃការពិត និងមួលបង្កាច់ថាការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌គឺជាល្បិចកលចាស់ដើម្បី ញុះញង់អ្នកគាំទ្រខ្លួនឱ្យមកធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដូចកាលពីឆ្នាំ ២០១៣ និងប្រើប្រាស់ជាកម្លាំងប្រជាពលរដ្ឋដើម្បីធ្វើបដិវត្តន៍ពណ៌សាជាថ្មីទេ?

អ្វីដែលជាការកត់សម្គាល់និងមានព័ត៌មានច្បាស់លាស់គឺថា ទោះបីជាផែនការបដិវត្តន៍ពណ៌ត្រូវបានទប់ស្កាត់ និងកម្ចាត់ក៏ដោយ ប៉ុន្តែគោលគំនិតនៃបដិវត្តន៍ពណ៌ និងការឡើងគ្រប់គ្រងអំណាចតាមមធ្យោបាយ មិនប្រជាធិបតេយ្យនេះនៅតែរស់រវើកជានិច្ច ក្នុងចំណោមក្រុមប្រឆាំងជ្រុលនិយម ព្រោះពួកគេគ្មានលទ្ធភាពប្រកួតប្រជែងយកជ័យជម្នះ លើគណបក្សប្រជាជនកម្ពុជាបានឡើយ។

លទ្ធផលនៃការបោះឆ្នោតកន្លងទៅបានបង្ហាញយ៉ាងច្បាស់ថា គ្មានគណបក្សណាមួយអាចមកយកជ័យជម្នះលើគណបក្ស ប្រជាជនកម្ពុជាបានឡើយ។

ដូច្នេះពួកគេព្យាយាមប្រើប្រាស់ល្បិចកលបដិវត្តន៍ពណ៌ជំនួសវិញ និងព្យាយាមប្រើប្រាស់ឱកាសនៃការបោះឆ្នោតដើម្បីអនុវត្តផែនការរបស់ពួកគេ។

៣៖ បដិសេធលទ្ធផលបោះឆ្នោត តែទទួលយកអាសនៈ៖ នៅរៀងរាល់ការបោះឆ្នោតម្តងៗ គណបក្សប្រឆាំងតែងតែឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយទាញលេសផ្សេងៗ ប៉ុន្តែគ្មានម្តងណាឡើយដែលគណបក្សប្រឆាំងមិនទទួលយកនូវអាសនៈដែលទទួលបាននៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងរដ្ឋសភា និងព្រឹទ្ធសភាឡើយ។

នេះ បង្ហាញយ៉ាងច្បាស់ពីការធ្វើនយោបាយដូចកូនក្មេងបៀមដៃរបស់ក្រុមប្រឆាំង ឬជា «អ្នកនយោបាយមេមាន់»។

ពួកគេធ្វើជាមិនទទួលស្គាល់ការបោះឆ្នោត និងចោទប្រកាន់ផ្សេងៗដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនប៉ុណ្ណោះ។

តែប្រសិនបើគណបក្សភ្លើងទៀនដែលត្រូវបានក្រុម កឹម សុខា ស្តីបន្ទោសថាជាក្រុមបក្សប្រហារ ចិត្តសឿងបឿងមែន ហើយជ្រុលតែវាយប្រហារខុសក្បួនផ្ទុយពីមតិភាគច្រើនលើសលុប

និងផ្ទុយពីឆន្ទៈប្រជាពលរដ្ឋហើយ គួរតែហ៊ានលះបង់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ជាង២០០០ ដែលគណបក្សភ្លើងទៀនទទួលបានក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ។

តែបើគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍ថាការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានការគំរាមកំហែង ផ្សេងៗ តែបែរជាទទួលយកអាសនៈ នោះមិនមិនជាអ្នកនយោបាយចិត្តសឿងទេ តែគ្រាន់តែជាការធ្វើនយោបាយបែប កូនក្មេងប៉ុណ្ណោះ។

ពួកគេធ្វើជាតវ៉ានេះតវ៉ានោះក៏ដើម្បីចិញ្ចឹមចលនាសម្រាប់ការបោះឆ្នោតសកលឆ្នាំ ២០២៣ ផងដែរ ដើម្បីចិញ្ចឹមទឹកចិត្តអ្នកគាំទ្រខ្លួន និងបិទបាំងភាពកម្សោយរបស់ខ្លួន។

ដូច្នេះធ្វើដូចជាមែនទែន តែតាមពិត ក្នុងចិត្តពិតជាពោរពេញដោយក្តីសប្បាយរីករាយ ព្រោះបានឱកាសកសាងបន្ទាយនយោបាយឡើងវិញ និងទម្រាំក្បត់អតីត ដៃគូខ្លួន កឹម សុខា លួចយកបក្សភ្លើងទៀនមកចូលប្រកួតបានត្រូវក្រុមកឹម សុខា ប្រមាថកប់ៗមាត់។

ជារួម ពលរដ្ឋខ្មែរពិតជាបានដឹងពីល្បិចកលដ៏អាក្រក់របស់ក្រុមប្រឆាំងគឺ គេចវេសពីភាពអាម៉ាស់នៃបរាជ័យភ្លូកទឹកភ្លូកដីរបស់ខ្លួន

និងព្យាយាមចិញ្ចឹមចលនា និងរកគ្រឿងលើកទឹកចិត្តសកម្មជនខ្លួនថាបក្សខ្លួនបរាជ័យ គ្មានការគាំទ្រពិតប្រាកដមិនមែនដោយសារតែគណបក្សប្រឆាំងខ្សោយ និងប្រើប្រាស់គោលនយោបាយបោកប្រាស់ពល រដ្ឋខ្លួនឯងទេ គឺមកពីការកេងបន្លំ សម្លុតគំរាមកំហែងទៅវិញ។

នេះគេហៅថា ក្រុមប្រឆាំងប្រើនយោបាយដើរលើសាកសពអ្នកដទៃដើម្បីសម្រេចបំណងរបស់ខ្លួនឯង។

ការធ្វើនយោបាយបែបនេះ គឺជាការធ្វើនយោបាយចោលម្សៀតសុទ្ធសាធ និងជាការធ្វើនយោបាយបៀបកំសាកញី។

ម្យ៉ាងទៀតក្រុមប្រឆាំងពុំគួរបន្តនយោបាយបដិវត្តន៍ពណ៌ នៅកម្ពុជាទៀតឡើយ ព្រោះប្រជាពលរដ្ឋបានយល់ច្បាស់ ហើយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៃថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

នេះដែលពលរដ្ឋច្រើនលើបលុបបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីក៏ព្រោះតែពលរដ្ឋបានជឿលើគណបក្ស ប្រជាជនកម្ពុជាក្នុងការការពារថែរក្សាសុខសន្តិភាព

និងការអភិវឌ្ឍដែលមានសព្វថ្ងៃនេះដើម្បីបន្តរីកចម្រើនទៅមុខទៀត៕

ដកស្រង់ពី៖ Fresh News