Social Network

ធនាគារជាតិ​នៃ​កម្ពុជា ៖ ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផលិតផល​ថ្មី «​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅដ្ឋាន​» សម្រាប់​ឃ្លាំមើល​វិស័យ​អចលនទ្រព្យ​និង​សំណង់​

ភ្នំពេញ: ដោយផ្អែកលើទស្សនវិស័យចម្បងៗ និង និងការប្រើប្រាស់ទិន្នន័យ ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័សនូវវិស័យអចលនទ្រព្យនិងសំណង់ ស្របពេលដែលវិស័យមួយនេះ ក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ច

ដូច្នេះហើយទើបធនាគារជាតិនៃកម្ពុជា បានប្រកាសរៀបចំ ប្រកាស ដាក់អោយប្រើប្រាស់ជាផ្លូវការ «សន្ទស្សន៍ថ្លៃលំនៅដ្ឋាន» ដែលជាសូចនាករមួយដ៏សំខាន់ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ

និងលំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។ថ្លែងក្នុងពិធី សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនានេះលោក ស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

ទទួលបន្ទុកជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ថា សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដែលផ្សព្វផ្សាយនាពេលនេះ នឹងជាសូចនាករមួយដ៏សំខាន់ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និង លំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំងក្នុងពេល ២ ទសវត្សកន្លងមកនេះ។

លោកស្រីបានបន្តថា វិស័យអចលនទ្រព្យ និងលំនៅដ្ឋាននេះ គឺជាវិស័យមួយក្នុងចំណោមវិស័យធំៗសំខាន់បួនរួមមាន វិស័យ ទេសចរណ៍ កម្មន្តសាល់កាត់ដេរ សំណង់ និងកសិកម្ម

ដែលបានជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ២ ទសវត្សកន្លងមកនេះ ហើយក៏បានជួយជំរុញឱ្យមានកំណើនក្នុងវិស័យពាក់ពន្ធ័រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ ធនារ៉ាប់រង សំណង់ លក់ដុំលក់រាយ ដឹកជញ្ចូន …។ល។

លោកស្រីបានបន្តទៀតថា ដូចនេះការតាមដាន និងត្រួតពិនិត្យទាន់ពេល នឹងជួយបង្ការហានិភ័យផ្សេងៗ រួមទាំងវិធានការទប់ទល់មានប្រសិទ្ធភាព នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ ជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើត ឡើងចេញពីវិបត្តិនៃវិស័យ អចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនធ្លាប់ជួបប្រទះក្នុងអតីតកាល។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ ថា ប្រទេសអភិវិឌ្ឍន៍និងអង្គការហិរញ្ញវត្ថុចម្បងៗលើពិភពលោក ពិសេស IMF បានស្វះស្វែងរកវិធីសាស្ត្រតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃវិស័យនេះឱ្យបានដិតដល់ ដើម្បីប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយបញ្ចៀសពីការកើតឡើងវិបត្តិធ្ងន់ធ្ងរណាមួយ។

ដោយមើលឃើញពីសារៈសំខាន់ នៃការប្រមូលនិងចងក្រងទិន្នន័យ នៃវិស័យផ្ទះសម្បែងសម្រាប់បម្រើដល់ការសិក្សា ការវិភាគការតាមដាននិងការវាយតម្លៃវឌ្ឍនភាពនិងហានិភ័យដែលអាចកើតឡើងពីវិស័យនេះធនាគារជាតិនៃកម្ពុជា

បានស្វះស្វែងរកការចែករំលែកបទពិសោធន៍ពីធនាគារកណ្តាលក្នុងតំបន់ និងស្នើសុំជំនួយបច្ចេកទេសពីស្ថាប័នអន្តរជាតិជាបន្តបន្ទាប់។

ជាលទ្ធផលក្នុងឆ្នាំ២០១៩ IMF បានសម្រេចផ្តល់ជំនួយបច្ចេកទេសមកកាន់ធនាគារជាតិ នៃកម្ពុជា ក្រោមការឧបត្ថម្ភពីកម្មវិធីជំនួយបច្ចេកទេស «មូលនិធិទិន្នន័យសម្រាប់ការសម្រេចចិត្ត» ម្បីចាប់ផ្តើមរៀបចំប្រមូលទិន្នន័យនិងចងក្រងសន្ទស្សន៍ថ្លៃលំនៅឋាន។

លោកស្រីបញ្ជាក់ថា«ក្រោមជំនួយបេសកម្មជំនួយបច្ចេកទេសជាបន្តបន្ទាប់ពី IMF ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ធនាគារជាតិនៃកម្ពុជាបានអនុវត្តអនុសាសន៍ និងសម្រេចបានជំហានសំខាន់ៗ មុនឈានដល់ការទទួលបានលទ្ធផលនៅពេលនេះ។ សកម្មភាពសំខាន់ៗក្នុងដំណើរការចងក្រងស្ថិតិសន្ទស្សន៍ថ្លៃលំនៅឋានរាប់បញ្ចូល៖

១)-ការវាយតម្លៃប្រភពទិន្នន័យដើម្បីជ្រើសរើសប្រភពទិន្នន័យមួយដែលមាននិរន្តរភាព វិសាលភាពអាចទទួលយកបាន ទិន្នន័យទាន់ពេលវេលានិងមានគុណភាពសមស្រប, ២)

-ការរៀបចំតារាងទិន្នន័យដើម្បីប្រមូលទិន្នន័យនិងព័ត៌មានចាំបាច់ឆ្លើយតបនឹងតម្រូវការចងក្រងសន្ទស្សន៍ថ្លៃលំនៅឋាន,

៣)-ការៀបចំឯកសារណែនាំ និងសេចក្តីពន្យល់សម្រាប់អ្នករាយការណ៍ ដើម្បីពង្រឹងគុណភាពនិងកាត់បន្ថយកំហុសឆ្គងលើរបាយការណ៍,

៤)-ការវាយតម្លៃទិន្នន័យដើម្បីផ្តល់ជាមតិយោបល់ដល់អ្នករាយការណ៍ពីវិធីសាស្ត្រតាមដាន និងវាយតម្លៃគុណភាពរបាយការណ៍,

៥)-ការជ្រើសរើសនិងធ្វើតេស្តវិធីសាស្ត្រចងក្រង ដើម្បីធានាពីគុណភាពនិងការទទួលយកបាននូវលទ្ធផលដែលទទួលបាន

និង៦)-ការវិភាគលទ្ធផលនិងការរៀបចំទិន្នន័យ និងសូចនាករបន្ទាប់បន្សំបន្ថែមទៀត»៕

ដកស្រង់ពី៖ រស្មីកម្ពុជា