Social Network

ព្រឹទ្ធសភា ទទួលជំនួយសម្ភារវេជ្ជសាស្រ្ត ពីអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ សម្ភារវេជ្ជសាស្រ្តចំនួន២៣មុខ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២

ក្រោមអធិបតីភាព លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

បន្ទាប់ពីការថ្លែងអំណរគុណ និងចំណាប់អារម្មណ៍របស់ក្រុមសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងចំណាប់អារម្មណ៍របស់លោកលោក គីម មីនហូ តំណាងអង្គការចែករំលែក

សង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េរួមចមកលោក ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងចូលរួមអបអរសាទរចំពោះ ការប្រគល់-ទទួលសម្ភារវេជ្ជសាស្រ្ត

ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គការចែករំលែកសង្រ្គោះអាយុជីវិត សកលនៃសាធារណរដ្ឋកូរ៉េជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ពិតជាសក្ខីភាពក្នុងបញ្ជាក់នូវ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានរំលឹកថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរមានការ កើន ឡើងជាលំដាប់ ជាពិសេវិស័យអភិវឌ្ឍន៍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ ហើយអ្វីដែលពិសេសជាងនេះ

ទៅទៀត គឺប្រទេសកម្ពុជា ជាដៃគូរដ៏សំខាន់ក្នុងការទទួលបានជំនួយ ODA ដែលក្នុងឆ្នាំនេះប្រទេសកម្ពុជា បានទទួលជំនួយ១៥០លានដុល្លារពីសាធារណរដ្ឋកូរ៉េ។

ក្នុងនោះ មានអង្គការសង្គមស៊ីវិលចំនួន១៧ របស់កូរ៉េ ដែលកំពុងធ្វើសកម្មភាពលើវិស័យជាច្រើននៅប្រទេសកម្ពុជា ជាពិសេសអង្គការសង្គមស៊ីវិល ក្នុងវិស័យអប់រំជាវិស័យ មួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកូរ៉េ ជាប្រទេសដែលបានផ្តល់ជំនួយដល់ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។

ជំនួយទាំងអស់នោះមានគោលដៅសម្រាប់កាត់បន្ថយភាពក្រីក្ររួមចំណែក ជាមួយរដ្ឋាភិបាលនៃប្រទេសជាមិត្ត ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាពទាំងអស់គ្នា។

នាពេលបច្ចុប្បន្ននេះបញ្ហា ប្រទេសមួយនឹងក្លាយទៅជាបញ្ហាពិភពលោកទាំងមូល ហើយអ្វីដែលសំខាន់អង្គការចែករំលែកសង្រ្គោះអាយុជីវិត សកលនៃសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែកផ្តល់ជំនួយមនុស្សធម៌ដើម្បីឆ្លើយតម និងដោះស្រាយបញ្ហានិងជីវិតរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវបញ្ហាសុខភាព។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត បានថ្លៃអំណរគុណអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលបានចែករំលែកនូវកិច្ចការរួមគ្នាចំពោះបញ្ហាទាំងអស់នេះ និងសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញនូវំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនកាន់តែស៊ីជំរៅបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា ថ្ងៃនេះព្រឹទ្ធសភាកម្ពុជា ពិតជាមានសេចក្តីសោមនស្ស ក្រៃលែង ដោយបានទទួលជំនួយមនុស្សធម៌ជាសម្ភារ ឧបករណ៍វេជ្ជសាស្រ្តពីអង្គការចែករំលែកជួយសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ។

ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណង មិត្តភាព សាមគ្គីភាពរវាងកម្ពុជា-កូរ៉េ ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជាជាមួយអង្គការចែករំលែកសង្គ្រោះអាយុជីវិតសកល ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនានា ជាអាទិ៍៖ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ ជាដើម...។ល។

ដើម្បីធានាបាននូវការងើបឡើងវិញ យ៉ាងឆាប់រហ័សនៃ សកម្មភាព សង្គម-សេដ្ឋកិច្ច។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ជំនួយមនុស្សធម៌ដូចដែលយើងទាំងអស់គ្នាបានឃើញជាក់ស្តែងនេះ នឹងត្រូវគ្រប់គ្រងដោយថ្នាក់ដឹកនាំព្រឹទ្ធសភា ហើយប្រើប្រាស់តាមរយៈយន្តការនានានៃព្រឹទ្ធសភា សម្រាប់ចែកជូនដល់ មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនានា ព្រមទាំងប្រជាជន នៅក្នុងបណ្តាភូមិភាគទាំង៨។

ជាមួយគ្នានេះ ព្រឹទ្ធសភាកម្ពុជា មានសេចក្តីរីករាយ និងសូមស្វាគមន៍នូវរាល់កិច្ចសហការមនុស្សធម៌ ជាមួយអង្គការចែករំលែកសង្រ្គោះ ជីវិតសកលជាបន្តបន្ទាប់ទៀត។

បន្ថែមពីនេះ លោក ម៉ម ប៊ុននាង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការចែករំលែកសង្រ្គោះជីវិតសកល ដែលបានផ្តល់នូវជំនួយមនុស្សធម៌ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជួយសង្រ្គោះជីវិតប្រជាជនកម្ពុជា៕

ដកស្រង់ពី៖ Fresh News