Social Network

កម្ពុជា​អូសទាញ​ទេសចរ​ណ៍វៀតណាម ថៃ ឲ្យ​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំពីការរំពឹងទុកនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ភ្ញៀវទេសចរ ។

លោក ថោង ខុន បានឱ្យដឹងថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង ។

លោកបានលើកឡើងនូវចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងបរិបទវិបត្តិសកលនេះ គឺតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាងច្រើន ។

កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះ បើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «នៅក្នុងតំបន់ឆ្នេររបស់យើង ក៏មានការអភិវឌ្ឍក្នុងក្របខណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយវៀតណាម និងថៃ» ។

ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប ។

ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃអាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជា តំបន់អេកូទេសចរណ៍ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព