Social Network

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត ស្តីពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ បានជួបពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរ ទេសជប៉ុនមកកាន់កម្ពុជា នាពេលខាងមុខ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស នាល្ងាចថ្ងៃទី១៨ ខែកក្កដា នេះ។

បើតាមក្រសួងការបរទេស នៅក្នុងក្របខ័ណ្ឌទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ។

ជាពិសេសអំពីសំណើសុំចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ជំនួបពិភាក្សាទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ, ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។

នៅក្នុងជំនួបនោះ ក៏បានពិភាក្សាពីកិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC

+ Japan), កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៥, សិក្ខាសាលា ដែលត្រូវបានស្នើឡើង ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបញ្ហាសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេសដែលចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឱ្យល្អបំផុត តាមដែលអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរការរលូន និងមានភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានធានាអះអាងជាថ្មី ចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុនសម្រាប់ភាពជោគជ័យ នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕

ដកស្រង់ពី៖ កម្ពុជាថ្មី