Social Network

ក្រសួងសាធារណការ បង្ហាញឯកសារសំខាន់ៗចំនួន៤ ដែលអ្នកបើកបរយានយន្តត្រូវភ្ជាប់តាមខ្លួន

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងបង្ហាញពីឯកសារសំខាន់ៗចំនួន៤ ដែលតម្រូវឱ្យអ្នកបើកបរយានយន្តធ្វើចរាចរណ៍ នៅលើផ្លូវថ្នល់ ត្រូវមានភ្ជាប់តាមខ្លួនជាចាំចាច់ ដើម្បីកុំឱ្យល្មើសនឹងច្បាប់ចររាចរណ៍ផ្លូវគោក។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រសួងសាធារណការ

និងដឹកជញ្ជូន បានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធ មួយចំនួនទៀតដើម្បីងាយស្រួលគ្រប់គ្រង។

ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងសូមធ្វើកាណែនាំដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួនដែលរួមមាន៖

១៖ បណ្ណបើកបរយានយន្ត តម្រូវឱ្យប្រើប្រាស់ឯកសារច្បាប់ដើម។

២៖ បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

ករណីបណ្ណសម្គាល់យានជំនិះមិនមាន QR Code តម្រូវឱ្យមានការបញ្ជាក់ពីស្ថាប័ន មានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។

៣៖ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចំលង។

៤៖ ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជួន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

ដកស្រង់ពី៖ Fresh News