Social Network

ពី​ពេលនេះ​ទៅ វិនិយោគិន នឹង​ទទួលបាន​ភាពងាយស្រួល ឆាប់រហ័ស​និង​សុវត្ថិភាព​ក្នុងការ​ទូទាត់​ថ្លៃ​សេវា​ការស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​

ភ្នំពេញ៖និយ័តករមូលបត្រកម្ពុជានិងធនាគារ អេស៊ីលីដា ភីអិលស៊ី នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ។

កិច្ចព្រមព្រៀងនេះ នឹងបង្កើននូវទំនុកចិត្ត និងផ្ដល់នូវភាពងាយស្រួលឆាប់រហ័សនិងសុវត្ថិភាពដល់វិនិយោគិនក្នុងការទូទាត់ថ្លៃសេវាក៏ដូចជាពន្លឿនដល់ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងក្រោយពីការចុះហត្ថលេខាថា៖

គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីជួយសម្រួលដល់ការទូទាត់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនរបស់បុគ្គលស្នើសុំទាំងក្នុងស្រុក និង បរទេស ដើម្បីធ្វើការវិនិយោគមូលបត្រនៅទីផ្សារមូលបត្រកម្ពុជា។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍លើកឡើងថា៖ថ្វីត្បិតតែវិស័យមូលបត្រនៅកម្ពុជា មានដំណើរការអស់រយៈពេលជាងមួយទស្សវត្សក៏ដោយនិយ័តករមូលបត្រកម្ពុជានៅតែបន្តកិច្ចប្រឹងប្រែង

ស្វែងរកកិច្ចសហការអភិវឌ្ឍទីផ្សារឱ្យកាន់តែប្រសើរឡើង ក្នុងការសម្របខ្លួនឱ្យបានតាមបច្ចុប្បន្នភាពទីផ្សារអន្តរជាតិរាប់បញ្ចូលទាំងការតាក់តែបទប្បញ្ញត្តិពាក់ព័ន្ធការសិក្សាស្រាវជ្រាវផលិតផលមូលបត្រ ការជំរុញការបោះផ្សាយ ការជំរុញការជួញដូរ និងការបង្កើនការយល់ដឹងដល់វិនិយោគិនជាដើម ។

លើសពីនេះទៀតយើងមានកិច្ចសហការជាមួយដៃគូជាច្រើន ក្នុងការសម្របសម្រួល ពិភាក្សា តាក់តែងការងារពាក់ព័ន្ធនឹងដំណើរការទីផ្សារមូលបត្រ

ជាពិសេសពាក់ព័ន្ធនឹងវិនិយោគិនដែលមានចំណាប់អារម្មណ៍ចូលក្នុងទីផ្សារដើម្បីធានាបានភាពរហ័សនិងងាយស្រួល របស់វិនិយោគិន។

ឯកឧត្តម ស៊ូ សុជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ។

បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានវត្តមានក្នុងវិស័យមូលបត្រតាមរយៈ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS), ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA), ភ្នាក់ងារបញ្ជិកា (R), ភ្នាក់ងារចុះបញ្ជីផ្ទេរ (T), ភ្នាក់ងារទូទាត់ (P),

និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) រួមទាំងជាក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធមួយផងដែរ (ABC)។

បន្ថែមពីនេះ ធនាគារបានចូលរួមសហការយ៉ាងសកម្មតាមរយៈវគ្គបណ្ដុះបណ្ដាលនានាដែលផ្ដល់ដោយ ន.ម.ក. ដូចគ្នានេះដែរការរៀបចំកម្មវិធីនេះក៏ជាការងារសកម្មមួដែលតម្រូវឱ្យមានកិច្ចសហការរៀបចំ តាក់តែងនូវកិច្ចព្រមព្រៀងរវាង ន.ម.ក.និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងផ្ដល់ជាប្រយោជន៍ដល់វិនិយោគិនក្នុងវិស័យមូលបត្រ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ ន.ម.ក. បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៣៣.១៨២ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួន ៩៩.៥២ %

និងវិនិយោគិនសញ្ជាតិខ្មែរមានចំនួន ៨៦.២៣%។ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ៧,១៩ទ្រីលានរៀល (ប្រហែល ១,៧៥ ប៊ីលានដុល្លារអាមេរិក), រីឯទំហំជួញដូរភាគហ៊ុន ក្នុងឆ្នាំ២០២២ គិតត្រឹមត្រីមាសទី៣

ជាមធ្យមប្រហែល ២៦៦.២៨៩ ភាគហ៊ុន និងមាន តម្លៃ ជួញដូរជាមធ្យមប្រហែល ០,៦៦ លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។

ដូច្នេះទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់យើងមានប្រព័ន្ធទ្រទ្រង់ ឬសរសរស្តម្ភគ្រប់គ្រាន់ (វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ, អន្តរការីទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ) និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ។

លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា៖ការវិនិយោគវិស័យមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យ កត់

សម្គាល់ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដូច្នេះ ធនាគារ អេស៊ីលីដា និង ន.ម.ក.ឯកភាពគ្នាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ។

លោកស្រីបានបន្ថែមថា៖ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជាអាចបង់ថ្លៃសេវាស្នើសុំលេខអត្ត

សញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Master Card, Diners, JCB, និង UPI Card។

លើស ពី នេះទៅទៀត ធនាគារ អេស៊ីលីដាតែងតែយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជនដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារនិងហិរញ្ញវត្ថុយ៉ាងសម្បូរបែបក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិត្រូនិកនិងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល

ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យកាន់ តែសកម្ម និងរស់រវើក។លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់និយ័តករមូលបត្រកម្ពុជា ដែលបានជ្រើសរើស ធនាគារ អេស៊ីលីដាជាដៃគូក្នុងការផ្តល់សេវាបង់ថ្លៃសេវាស្នសុំលេខអត្តសញ្ញាណវិនិយោគតាមអនឡាញ និងជានិច្ចកាល តែងតែគាំទ្រដល់ធនាគារ អេស៊ីលីដា។

ទន្ទឹមនឹងនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងសហការី ដែលតែងតែគាំទ្រ ណែនាំ ផ្តល់អនុសាសន៍ល្អៗ ដល់ធនាគារ អេស៊ីលីដា៕

ដកស្រង់ពី៖ រស្មីកម្ពុជា