Social Network

សម្តេចប្រមុខរដ្ឋស្តីទី ចេញព្រះរាជ្យក្រឹត្យតែងតាំង សមាសភាពគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ៩រូប សម្រាប់អាណត្តិទី២ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដល់រដ្ឋមន្ត្រី

(ភ្នំពេញ)៖ ក្នុងព្រះបរមនាម និងតាមព្រះរាជ្យត្រាស់បង្គាប់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

សម្រាប់អាណត្តិទី២ (២០២៣-២០២៨) ចំនួន ៩រូប ដើម្បីបន្តបេសកកម្មប្រយុទ្ធប្រឆាំងទារុណកម្ម និងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម

និងអំពើឃោរឃៅផ្សេងទៀត អនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

សមាសភាពគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្មចំនួន៩រូប ដែលត្រូវបានតែងតាំងនេះរួមមាន៖ លោក នុត សាអាន ប្រធាន, លោក សៀង ឡាប្រេស្ស អនុប្រធាន, លោក កែវ តារាពង្ស អនុប្រធាន, លោកស្រី សាខឿន សាវ៉ាតឌី សមាជិកា, លោកស្រី អ៊ូ ស៊ីរីតា សមាជិកា, លោក ហ៉ី ព្រូ សមាជិក,

លោក ញ៉ាំង ទង សមាជិក, លោក រ៉ូ ប៊ីនណៃ សមាជិក និងលោក ញ៉ែម វ៉ាន់នី សមាជិក។

យោងតាមព្រះរាជ្យក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សមាសភាពគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មមានចំនួនត្រឹមតែ៩រូបប៉ុណ្ណោះ

ដោយប្រធានមានឋានៈស្មើ រដ្ឋមន្ត្រី អនុប្រធាន មានឋានៈស្មើ រដ្ឋលេខាធិការ និងសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នជាតិមួយជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន

លើការងារប្រយុទ្ធប្រឆាំងទារុណកម្ម និងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ និងធ្វើទុក្ខបុកម្និញនានា អនុលោមតាមអនុសញ្ញា

និងពិធីសារបន្ថែមស្តីពីការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ជាពិសេស គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕