Social Network

លោកស្រី ឱ វណ្ណឌីន រំលឹកប្រជាពលរដ្ឋកុំបណ្ដែតបណ្ដោយ ឬពន្យារពេលចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ហួសកាលកំណត់

(ស្ទឹងត្រែង-រតនគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវបណ្ដែតបណ្ដោយ ឬពន្យារពេលយូរពេក ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ដូសជំរុញ ព្រោះបើកាលណាពន្យារពេលយូរពេក ប្រព័ន្ធភាពស៉ាំក្នុងសារពាង្គកាយនឹងមានការធ្លាក់ចុះ រហូតដល់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ពីការវាយលុកនៃជំងឺនេះ។

ការក្រើនរំលឹករបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ និងដូសទី៦) នៅទឹកដីនៃខេត្តស្ទឹងត្រែង នៅតាមទីតាំងដូចជា

ផ្សារសាមគ្គី វិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង និងវត្តភ្លុក និងភូមិសាស្ត្រខេត្តរតនគិរី នៅតាមទីតាំង វិទ្យាល័យ តេជោសែនត្រពាំងក្រហម អនុវិទ្យាល័យ ត្រពាំងក្រហម សាលាបឋមសិក្សាត្រពាំងក្រហម ផ្សារបានលុង ភូមិកាំ និងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ

បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការពន្យាពេលមិនព្រមទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញតាមពេលវេលាកំណត់របស់ក្រសួងសុខាភិបាល នោះនឹងធ្វេីឲ្យមានភាពចុះ ខ្សោយខ្លាំង នៃអង់ទីគ័រការពាររាងកាយរបស់បុគ្គល និងសហគមន៍ ដែលបានកើតឡើងក្រោយពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមុនៗ

នឹងសឹងតែធ្លាក់ចុះបន្តិចម្ដងៗ រហូតដល់ចំណុចសូន្យ ដែលជាមូលហេតុធ្វើឲ្យវីរុសកូវីដ១៩នេះ មានសមត្ថភាពធ្វើសកម្មភាពវាយលុកសរីរាង្គកាយរបស់លោកអ្នក ដែលអាចធ្វេីឲ្យមានការផ្ទុះឡេីងសារជាថ្មី នូវការរាតត្បាត និងធ្វើឲ្យមានសភាពធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩»។ បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ទៀតថា

សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ និងជនវ័យចាស់ត្រូវតែទៅចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានគ្រប់ ៦ដូស និងត្រឹមត្រូវតាមគម្លាតពេលវេលាចន្លោះពីដូសមួយ ទៅដូសមួយទៀត

ដែលមានរយៈពេល៤ខែ ហើយបន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៦ ដែលជាដូសជំរុញបាន ៦ខែ ហើយ យើងអាចទៅទទួលការចាក់វ៉ាក់សាំងនេះ តាមបែបលក្ខណៈជាទម្លាប់ធម្មតា (Routine) នៅតាមគ្រប់បណ្តាសេវាសុខាភិបាលសាធារណៈដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក

មន្ទីរពេទ្យខេត្ត-ក្រុង និងមន្ទីរពេទ្យថ្នាក់ជាតិ នៅតាមរាជធានី-ខេត្តទូទាំងប្រទេស។ បន្ទាប់ពីបានពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមបណ្ដាទីតាំងនីមួយៗរួចមក លោកស្រី ឱ វណ្ណឌីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ នៃគណៈអភិបាលខេត្ត និងការខិតខំប្រឹងប្រែង របស់មន្ទីរសុខាភិបាលខេត្តយ៉ាងសកម្ម ក្នុងការអប់រំ ផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រួមទាំងការងារចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ។

លោកស្រីបានសំណូមពរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បន្តអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់ នៃវ៉ាក់សាំងកូវីដ១៩ ជាពិសេសនោះ ការកៀរគរប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ

ឲ្យបានគ្រប់ៗគ្នាស្របទៅតាមពេលវេលាកំណត់ នៃដូសនីមួយៗ នៅតាមគ្រប់សេវាសុខាភិបាលសាធារណៈ ក៏ដូចជាវេទិកាសាធារណៈដែលបានរៀបចំដូចជា វត្តអារាម សាលារៀន ទីផ្សារ និងរោងចក្រជាដើម៕

ដកស្រង់ពី៖ Fresh News