Social Network

កម្ពុជា និងតំបន់ ពិគ្រោះគ្នារកវិធីសាស្ត្រទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចោរសមុទ្រ

ភ្នំពេញ៖ លោក ហេង សុធី អគ្គនាយករង នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ នៃមជ្ឈមណ្ឌលគ្រប់គ្រង និងចែករំលែកព័ត៌មាន តំបន់អាស៊ី ដើម្បីទប់ស្កាត់

និងប្រយុទ្ធប្រឆាំងចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសនានា លើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ (ReCAAP ISC) ក្នុងតំបន់អាស៊ី ឆ្នាំ២០២៣ ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់២៥ ខែឧសភា ឆ្នាំ២០២៣ សហការរៀបចំដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ReCAAP ISC។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា: កិច្ចប្រជុំថ្នាក់តំបន់នេះ មានការចូលរួមពី លោក Krishnaswanmy Natarajan នាយកប្រតិបតិ្តនៃ ReCAAP ISC និងតំណាងមន្រ្តីឆ្មាំឆ្នេរសមុទ្រ និងកងទ័ពជើងទឹក

នៃព្រះរាជាណាចក្រថៃ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមការងារ ReCAAP ISC ហើយក៏មានការអញ្ជើញចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា រួមមាន ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ

តំណាងនគរបាល ព្រំដែនទឹក ឆ្មាំសមុទ្រកម្ពុជា នគរបាលអន្តោប្រវេសន៍ នាយទាហានជើងទឹក តំណាងគណៈកម្មការជាតិគ្រប់គ្រងលំហសមុទ្រ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមដឹកជញ្ជូន និងភស្តុភារកម្ម ក្រុមហ៊ុននាវា និងក្រុមហ៊ុនភ្នាក់ងារនាវា សរុបប្រមាណ៦៥នាក់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការ របស់បណ្តាប្រទេស ដែលជាសមាជិក ReCAAP ក្នុងមហាអនុតំបន់មេគង្គ និងទ្វីបអាស៊ី ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងជំរុញនីតិវិធី នៃការដោះដូរទិន្នន័យ និងព័ត៌មាន ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសនានា លើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ នៅក្នុងទ្វីបអាស៊ី។

គួររំលឹកផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិក នៃមជ្ឈមណ្ឌល ចែកចាយព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងប្លន់ប្រដាប់អាវុធ នៅទ្វីបអាស៊ី (ReCAAP ISC) នៅក្នុងឆ្នាំ២០០៦ ហើយរហូតមកដល់ពេលនេះ ReCAAP ISC មានប្រទេសដែលបានចូលជាសមាជិកចំនួន ២១ ប្រទេស នៅជុំវិញពិភពលោក៕

ដកស្រង់ពី៖ កម្ពុជាថ្មី