Social Network

មន្ត្រីកយកា៖ ការបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េមកកម្ពុជា​ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋកាន់តែប្រសើរ

លោក ស៊ីន យ៉ុងហ្វា នាយករងប្រចាំប្រទេសកម្ពុជា ដែលទទួលបន្ទុកកម្មវិធីអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)បានលើកឡើងថា ការបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េដែលមានវិជ្ជាជីវៈមកកម្ពុជាដើម្បីចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងជំនាញដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងជីវភាពរបស់ប្រជាជន និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាអំពីកម្មវិធីអ្នកស្ម័គ្រចិត្ត កយកា ប្រចាំឆ្នាំ២០២៣ ជាមួយដៃគូកាលពីថ្ងៃទី២៧ មិថុនា នៅសណ្ឋាគារភ្នំពេញ លោកបានបន្តថា ការិយាល័យ កយកា នៅកម្ពុជា គឺជាទីភ្នាក់ងារអនុវត្តរបស់កម្មវិធីមិត្តភាពពិភពលោកកូរ៉េ World Friend Korea ដែលបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េទៅទូទាំងពិភពលោក។

ចាប់តាំងពីឆ្នាំ ២០០៣ មកបច្ចុប្បន្ន កយកា មានអ្នកស្ម័គ្រចិត្តដែលកំពុងតែបម្រើការងារនៅតាមបណ្ដារាជធានី ខេត្ដមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលមានដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ ទៅលើជំនាញផ្សេងៗគ្នា។

លោកបានបន្តថា កិច្ចប្រជុំនេះមានគោលបំណងណែនាំអំពីកម្មវិធីអ្នកស្ម័គ្រចិត្ត និងពិភាក្សាអំពីសន្ដិសុខ សុវត្ថិភាព ការគ្រប់គ្រងអ្នកស្ម័គ្រចិត្ដការគាំទ្រគម្រោងខ្នាតតូច និងសមត្ថភាពរបស់អ្នកស្ម័គ្រចិត្តនៅក្នុងការបំពេញការងារ។

វាគឺជាឱកាសដ៏ល្អដែលអនុញ្ញាតឱ្យស្ថាប័នដៃគូទាំងអស់បានយល់កាន់តែច្បាស់អំពីកម្មវិធីអ្នកស្ម័គ្រចិត្តកយកា នៅក្នុងប្រទេសកម្ពុជា ជាពិសេសបានធ្វើឱ្យដៃគូទាំងអស់មានឱកាសនៅក្នុងការផ្លាស់ប្ដូរគំនិត យោបល់

និងបានពិភាក្សាគ្នាលំអិតអំពីសារៈសំខាន់ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការងារស្ម័គ្រចិត្តផងដែរ។លោកបានបន្តទៀតថា ម៉្យាងវិញទៀតវាបានលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងជំរុញភាពជាដៃគូប្រកបដោយនិរន្តរភាពរវាង កយកា និងដៃគូនីមួយៗ និងដើម្បីផ្តល់នូវការរួមចំណែកយូរអង្វែង និងកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។

លើសពីនេះ កយកា ក៏បានជ្រើសរើសស្ថាប័នដៃគូឆ្នើមរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ ផងដែរ ដែលស្ថាប័នទីមួយនោះ គឺសាកលវិទ្យាល័យជាតិមានជ័យ និងទីពីរគឺសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក ស៊ីន យ៉ុងហ្វា បានកោតសរសើរចំពោះដៃគូទាំងអស់ដែលបានចូលរួម និងចែករំលែកធាតុចូលជាច្រើននៅក្នុងការកែលម្អកម្មវិធីអ្នកស្ម័គ្រចិត្ត។

លោកបានបន្ថែមទៀតថា ការប្រាស្រ័យទាក់ទងរវាង កយកា ស្ថាប័នដៃគូ និងអ្នកស្ម័គ្រចិត្ដ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានដំណោះស្រាយកាន់តែប្រសើរ នៅពេលដែលយើងមានបញ្ហា។

កយកានឹងស្តាប់ដោយយកចិត្តទុកដាក់ ហើយពិចារណាយ៉ាងសកម្មនូវរាល់ធាតុចូល និងបញ្ហាប្រឈមនានាដើម្បីកែលម្អការអនុវត្តកម្មវិធីរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។គួរបញ្ជាក់ថា

នៅក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមពីលោក អ៊ឺម សួរ អគ្គលេខាធិការរងនៃគណៈកម្មាធិការនិតីសម្បទា និងអភិវឌ្ឍន៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ស៊ីន ជុងយ៉ុន នាយិការង លោក ស៊ីន យ៉ុងហ្វា នាយករងប្រចាំប្រទេសរបស់ កយកា និងស្ថាប័នដៃគូរបស់ខ្លួនយ៉ាងហោចណាស់ចំនួន១១ ស្ថាប័នផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី