Social Network

សម្តេចតេជោ ហ៊ុន សែន៖ ជំនន់ទឹកភ្លៀងនៅអាមេរិក និងអឺរ៉ុបអត់មានអ្នកនិយាយ បែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាល រឿងទឹកលិចភ្នំពេញមកពីភ្លៀងខ្លាំង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការចម្លែកអារម្មណ៍ចំពោះក្រុមប្រឆាំង ដែលធ្វើមើលមិនឃើញចំពោះការលិចលង់នៅអាមេរិក និងអឺរ៉ុប ដោយសារជំនន់ទឹកភ្លៀង បែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាលរឿងទឹកលិចរាជធានីភ្នំពេញ ព្រោះភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ បន្ទាប់ឃើញមានទឹកភ្លៀងកំពុងបង្កើតឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។

លើបណ្តាញសង្គម Twitter ដែលជាមធ្យោបាយថ្មីក្នុងការបង្ហាញសារនានានោះ សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។

ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល»។

សម្តេចតេជោ ក៏បានរំលេចជាភាសាអង់គ្លេសផងដែរថា «Extreme floods are attacking the US and Europe and no one criticized. In Cambodia, it was just a big rain with a level of 153 mm which we never had before and they used it as a topic to attack government»។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមរយៈសារព័ត៌មានអន្តរជាតិនានា បានបង្ហាញថា ជំនន់ទឹកភ្លៀងបង្កការជន់លិចប៉ះពាល់ប្រជាពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត។

ប៉ុន្តែការជន់លិចទាំងនោះ មិនត្រូវបានអ្នកនយោបាយមាននិន្នាការប្រឆាំង ឬក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសលើកមកបង្ហាញ ឬនិយាយ ដើម្បីបានជាតថភាពពិតដល់ការគិត និងពិចារណារបស់ប្រជាពលរដ្ឋនោះឡើយ។

ផ្ទុយពីជំនន់ទឹកភ្លៀងនៅកម្ពុជានាំឱ្យជន់លិចរាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុននេះ។ ក្រុមអ្នកនយោបាយប្រឆាំង និងអ្នកនយោបាយជ្រុលនិយម គេបានធ្វើអត្ថាធិប្បាយច្រើន ដោយមិនលើកបង្ហាញពីមូលហេតុនៃការធ្លាក់ភ្លៀងខ្លាំងមិនធ្លាប់មាន ដែលមានកម្រិតរហូតដល់ ១៥៣មិល្លីម៉ែត្រ។

ពួកគេបែរជាលើកហេតុផលតែមួយប៉ុណ្ណោះ គឺការចោទប្រកាន់ពាក់ព័ន្ធការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលទៅវិញ។ ការអត្ថាធិប្បាយដែលមិនលើកបង្ហាញនូវមូលហេតុពិតនៃបញ្ហា គឺជាការធ្វើឱ្យប្រជាពលរដ្ឋគ្មានមូលដ្ឋានពិចារណាទៅលើបញ្ហាអ្វីមួយ។

ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងរៀបចំហេដ្ឋារចនាសម្ព័ន្ធហូររំដោះទឹកភ្លៀង មានដូចជាការរៀបចំប្រព័ន្ធលូធំ និងកន្លែងសម្រាប់ស្តុកទឹកភ្លៀងជាដើម។

ទឹកភ្លៀងប៉ុន្មានថ្ងៃមុននេះ ដ្បិតតែលិចពេលកំពុងភ្លៀង។

ប៉ុន្តែក្រោយពេលភ្លៀងមិនយូរប៉ុន្មាន ទឹកបានហូរអស់ពីរាជធានីភ្នំពេញ ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពនៃការហូររំដោះទឹកបានលឿនរហ័ស៕

ដកស្រង់ពី៖ Fresh News