នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
និងផ្លូវតភ្ជាប់ ដែលនឹងប្រព្រឹត្តទៅនាព្រឹកស្អែក ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តភ្ជាប់ពីសង្កាត់ចាក់អង្រែក្រោមនៃខណ្ឌមានជ័យ ទៅកាន់សង្កាត់ព្រែកប្រានៃខណ្ឌច្បារអំពៅ មានប្រវែង ៨៤៥,៧០ម៉ែត្រ។
ការដ្ឋានស្ថាបនាស្ពាននេះ ក៏មានការសាងសង់ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រផងដែរ។
តាមរយៈស្ពានចាក់អង្រែក្រោម-ព្រែកប្រាដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះ នឹងក្លាយជាស្ពានឆ្លងកាត់ទន្លេទី ៧ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។បច្ចុប្បន្ននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេចំនួន ៦ កំពុងដាក់ឲ្យដំណើរការប្រើប្រាស់រួមមាន៖
១. ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ
២. ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ
៣. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី១)
៤. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី២)
៥. ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ប្ញស្សីកែវ
៦. ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។
ដកស្រង់ពី៖ Fresh News