Social Network

សម្តេចធិបតី​ ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤)។

តាមរយៈការអបអរសាទរនេះ សម្តេចធិបតីបានរំលេចពីសារសំខាន់នៃការចូលជាសមាជិកអង្គការយូណេស្កូ ដោយកម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន

៤, សម្បតិ្តបេតិកភណ្ឌអរូបីចំនួន

៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចធិបតីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ )

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖

១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖

- តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក

- ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា

- តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ - រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ - របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី

- ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង - ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី - ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី

- ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស - គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ។

៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖

- បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស

- ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន

- រឿងអ៉ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

ដកស្រង់ពី៖ Fresh News