Social Network

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ថ្នាក់​ដឹកនាំ​បន្តវេន កម្ពុជា នៅតែ​បន្ត​ស្មារតី​មិត្តភាព សាមគ្គីភាព រវាង កម្ពុជា-វៀតណាម

កឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ថ្នាក់ដឹកនាំបន្តវេនរបស់ កម្ពុជា នៅតែបន្តស្មារតីមិត្តភាព និងសាមគ្គីភាព រវាងប្រទេសកម្ពុជា-វៀតណាម ដែលមានភូមិផងរបងជាមួយគ្នា។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

តាមរយៈការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ ថ្មីៗ នេះ។

នាឱកាសនោះ ឯកឧត្ដម Pham Minh Chinh បានសម្តែងនូវកិច្ចស្វាគមន៍ និងសេចក្ដីសោមនស្សរីករាយ ដោយបានជួបជាមួយគណៈប្រតិភូជាមួយនេះ តាងនាមគណៈប្រតិភូ ឯកឧត្ដម ហ៊ុន ម៉ានី បានជម្រាបជូន ឯកឧត្ដម Pham Minh Chinh អំពីលទ្ធផលគួរជាទីមោទនៈ នៃកិច្ចជំនួបនានា ជាមួយឥស្សរជន ទាំងក្នុងជួរបក្ស

និងក្នុងជួរថ្នាក់ដឹកនាំយុវជនវៀតណាម ដែលគ្រប់ជំនួបទាំងអស់ ភាគីទាំងពីរ បានបង្ហាញនូវលទ្ធផលដ៏ត្រចះត្រចង់ នៃកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ជាពិសេសការប្ដេជ្ញារបស់ភាគីទាំងពីរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការបន្ថែមទៀតទៅអនាគត។

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា«ថ្នាក់ដឹកនាំបន្តវេនរបស់កម្ពុជា នៅតែបន្តស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំង ២ ដែលមានភូមិផងរបងជាមួយគ្នា ហើយនឹងបន្តលើកកម្ពស់បុព្វហេតុ នៃមិត្តភាព និងសាមគ្គីភាពជាប្រពៃណី នៃប្រទេសយើងទាំងពីរ ដែលបានប្រយុទ្ធតស៊ូ ស្មាកៀកស្មា ជួយគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្នុងសន្តិភាព ដើម្បីឯករាជ្យ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ»។

ជាចុងបញ្ចប់ ឯកឧត្ដមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច នៅពេលនេះ និងបានបង្ហាញនូវការគាំទ្រតាមគ្រប់លទ្ធភាព ក្នុងគោលដៅចូលរួមបង្កបរិយាកាសឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរ កាន់តែមានភាពស្អិតរមួត ទោះក្នុងកាលៈទេសៈ នៃសុខសន្តិភាព។

គួរជម្រាបថា ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំប្រតិភូគណៈចលនាមហាជន ចំនួន ១៣ រូប ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៤ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ដល់ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង នៃការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងគណៈចលនាមហាជនរបស់គណបក្សទាំង ២ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាផ្លាស់ប្ដូរបទពិសោធក្នុងការងារចលនាមហាជនផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី