បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបន្តចុះផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឱ្យពួកគេធ្វើបណ្ណ ប.ស.ស.ទទួលបានអត្ថប្រយោជន៍ផ្សេងៗ។
ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយនាឱកាសនោះលោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.
ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយសម្រួលដល់មន្ត្រីសាធារណៈព្រមទាំងប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកដែលជាផ្នែកមួយជួយគ្រប់គ្រងការចំណាយទៅលើការទទួលសេវាផ្នែកថែទាំសុខភាពពេលមានបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗក្នុងគោលដៅរក្សាស្ថិរភាពប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
លោកអគ្គនាយករង បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការដែលមានអ្នកក្នុងបន្ទុករួមមាន ប្តី ឬប្រពន្ធ និងកូន ដែលបានចុះឈ្មោះចូលជាសមាជិក ប.ស.ស.នឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរួមមានសេវាពិនិត្យ ពិគ្រោះយោបល់
និងការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។ក្នុងឱកាសនោះដែរ លោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំណូមពរដល់ថ្នាក់ដឹកនាំ
និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ត្រូវចូលរួម និងផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ ដែលស្ថិតក្នុងបន្ទុករបស់ខ្លួនទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមតាមរយៈ ប.ស.ស.៕
ដកស្រង់ពី៖ កម្ពុជាថ្មី